មន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធ (១ មេសា) នេះថា ប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ បើកការស៊ើបអង្កេតលើការស្លាប់របស់កងកម្លាំងរក្សាសន្តិភាព UNIFIL ចំនួន ៣នាក់របស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។

លោក Umar Hadi តំណាងអង្គការសហប្រជាជាតិ របស់ក្រសួងការបរទេសឥណ្ឌូនេស៊ី បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារ។ លោកបានលើកឡើងថា «ឥណ្ឌូនេស៊ីទាមទារឱ្យមានការស៊ើបអង្កេតដោយផ្ទាល់ពីអង្គការសហប្រជាជាតិ មិនមែនគ្រាន់តែជាលេសរបស់អ៊ីស្រាអែលនោះទេ»។

ឥណ្ឌូនេស៊ីបាននិយាយកាលពីដើមសប្តាហ៍នេះថា ប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្ត បានធ្វើឱ្យកងកម្លាំងរក្សាសន្តិភាពរបស់ UN នៅលីបង់ ស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ។ កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងលីបង់ ពាក់ព័ន្ធការផ្ទុះនៅតាមដងផ្លូវ និងការវាយប្រហារកាលពីចុងសប្តាហ៍ដ៏បង្ហូរឈាម។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN បាននិយាយថា ក្រុមហេសបូឡាជាអ្នកបង្កប់ឧបករណ៍ផ្ទុះ ដែលបានវាយប្រហារកងកម្លាំងរក្សាសន្តិភាពនោះ។ យោធាអ៊ីស្រាអែលក៏បាននិយាយថា ការពិនិត្យឡើងវិញរបស់ខ្លួនលើឧប្បត្តិហេតុមួយដែលពាក់ព័ន្ធនឹងកងរក្សាសន្តិភាព UNIFIL កាលពីថ្ងៃចន្ទ បានសន្និដ្ឋានថា កងទ័ពអ៊ីស្រាអែល មិនបានដាក់ឧបករណ៍ផ្ទុះនៅក្នុងតំបន់នោះទេ ហើយថា ពុំមានកងទ័ពអ៊ីស្រាអែលណាម្នាក់មានវត្តមាននៅទីនោះឡើយ៕
