សេដ្ឋកិច្ចអាស៊ីជាច្រើនបានឃើញសកម្មភាពរោងចក្ររបស់ខ្លួនមានល្បឿនយឺតយ៉ាវនៅក្នុងខែមីនា កន្លងទៅ នេះបើយោងតាមការស្ទង់មតិអាជីវកម្មនៅថ្ងៃពុធ (១ មេសា) នេះ នៅក្នុងសញ្ញាមួយដែលបង្ហាញថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងភាពមិនប្រាកដប្រជាជាសកលមកពីសង្គ្រាមអ៊ីរ៉ង់ កំពុងប៉ះពាល់ដល់តំបន់នេះ។

លទ្ធផលស្ទង់មតិទាំងនេះបានបង្ហាញពីបញ្ហាប្រឈមដែលអ្នកបង្កើតគោលនយោបាយត្រូវជួបប្រទះនៅក្នុងតំបន់មួយដែលទិញប្រេងប្រហែល ៨០% ពីខាងក្រៅ ហើយប្រេងទាំងនោះទៀតសោតក៏ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលអ៊ីរ៉ង់កំពុងតែបិទខ្ទប់ ដោយធ្វើឱ្យប្រទេសជាច្រើនងាយរងគ្រោះដោយសារផលប៉ះពាល់ពីវិបត្តិថាមពលដែលបណ្តាលមកពីសង្គ្រាមមជ្ឈិមបូព៌ា។

ការស្ទង់មតិឯកជនមួយបានបង្ហាញថា វិស័យផលិតកម្មរបស់ចិន បានស្ថិតក្នុងកម្រិតកំណើន នៅក្នុងខែមីនាកន្លងទៅ ជាមួយនឹងសន្ទស្សន៍បញ្ជាទិញ (PMI) ដែលចងក្រងដោយស្ថាប័ន S&P Global បង្ហាញតួលេខ ៥០,៨ពិន្ទុ ក្នុងខែមីនា ដោយធ្លាក់ចុះពីចំនួន ៥២,១ពិន្ទុ ក្នុងខែកុម្ភៈ។ គួរឱ្យដឹងថាទិន្នន័យចាប់ពី ៥០ពិន្ទុ គឺជាកំណើន ប៉ុន្តែទោះជាយ៉ាងនេះក្ដី ទិន្នន័យខែមីនា គឺបានបង្ហាញពីការថយចុះធៀបនឹងខែមុននោះ ដែលបង្ហាញឱ្យឃើញពីផលប៉ះពាល់យ៉ាងទូលំទូលាយរបស់ជម្លោះនៅមជ្ឈិមបូព៌ា។
សកម្មភាពផលិតកម្មនៅក្នុងខែមីនា បានថយចុះនៅក្នុងសេដ្ឋកិច្ចនានាចាប់ពីឥណ្ឌូនេស៊ី វៀតណាម កោះតៃវ៉ាន់ និងហ្វីលីពីន នេះបើយោងតាមសន្ទស្សន៍ PMI ផ្សេងទៀត ដែលបង្ហាញពីផលប៉ះពាល់ដែលជម្លោះនៅអ៊ីរ៉ង់ បានបង្កឡើងរួចទៅហើយលើអាជីវកម្ម។ សន្ទស្សន៍ PMI ជប៉ុន បានស្ថិតក្នុងកម្រិត ៥១,៦ពិន្ទុ ក្នុងខែមីនា ពោលគឺធ្លាក់ចុះពី ៥៣ពិន្ទុ ក្នុងខែកុម្ភៈ៕
