សហភាពអឺរ៉ុប កំពុងពិចារណាលើការយកមកប្រើប្រាស់ឡើងវិញនូវវិធានការវិបត្តិថាមពលដែលខ្លួនបានប្រើក្នុងឆ្នាំ២០២២ នៅពេលរុស្ស៊ី បានកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នជុំវិញជម្លោះអ៊ុយក្រែន ដើម្បីដោះស្រាយការរំខានដែលកំពុងកើតឡើងចំពោះទីផ្សារថាមពលដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ នេះបើយោងតាមការលើកឡើងរបស់ប្រធានថាមពលរបស់ប្លុកអឺរ៉ុបកាលពីថ្ងៃអង្គារ (៣១ មីនា)។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលនៃសមាជិកសហភាពអឺរ៉ុប លោក Dan Jorgensen ស្នងការថាមពលប្លុកអឺរ៉ុប បាននិយាយថា ផែនការទាំងនេះរួមមានសំណើដើម្បីទប់ស្កាត់ពន្ធលើបណ្តាញអគ្គិសនី និងទប់ស្កាត់ពន្ធលើអគ្គិសនី។

លោក Jorgensen បាននិយាយថា «គ្រប់គ្នាមិនដឹងថាវិបត្តិនេះនឹងអូសបន្លាយរយៈពេលយូរប៉ុនណាទេ ហើយដោយសារតែភាពមិនច្បាស់លាស់នេះ អឺរ៉ុបក៏កំពុងរៀបចំឱកាស និងលទ្ធភាពផ្សេងៗគ្នាដូចទៅនឹងចំណាត់ការដែលបានប្រើក្នុងវិបត្តិក្នុងឆ្នាំ២០២២»។ លោកសង្កត់ធ្ងន់ថា សង្គ្រាមអ៊ីរ៉ង់ទំនងជានឹងបង្កឱ្យមានការរំខានយូរអង្វែងដល់ទីផ្សារថាមពល។
ការពឹងផ្អែកយ៉ាងខ្លាំងរបស់អឺរ៉ុបលើឥន្ធនៈនាំចូល ធ្វើឱ្យប្លុកនេះប្រឈមនឹងផលប៉ះពាល់យ៉ាងខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ា ទៅលើតម្លៃថាមពលពិភពលោក។ តម្លៃឧស្ម័ននៅអឺរ៉ុប បានហក់ឡើងជាង ៧០% ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈមក៕
