ក្រសួងដឹកជញ្ជូនរបស់ប្រទេសក្រិក បានធ្វើសមយុទ្ធសង្គ្រោះបន្ទាន់មួយកាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ដែលប្រដូចទៅនឹងការវាយប្រហារដោយយានដ្រូនលើនាវាដឹកប្រេងមួយគ្រឿង និងបណ្តាលឱ្យមានការលេចធ្លាយប្រេង។

សមយុទ្ធ ដែលធ្វើឡើងនៅឯឆ្នេរសមុទ្រទីក្រុងកំពង់ផែពាណិជ្ជកម្ម Elefsina មានចម្ងាយប្រហែល២៣គីឡូម៉ែត្រភាគខាងលិចទីក្រុង Athens បានបង្កើតសេណារីយ៉ូនៃយានដ្រូន បុកនាវាដឹកប្រេងមួយគ្រឿង បណ្តាលឱ្យមានអគ្គិភ័យនៅលើនាវា និងមានសមាជិកនាវិកធ្លាក់ពីលើនាវា ហើយនាវាលិចពាក់កណ្តាល បណ្តាលឱ្យមានការកំពប់ប្រេងក្នុងទំហំ ២០.០០០ ម៉ែត្រក្រឡា។

ឧទ្ធម្ភាគចក្រឆ្មាំល្បាតឆ្នេរ ទូក និងនាវាប្រឆាំងការបំពុលសមុទ្រ នាវាស្រង់ប្រេងរបស់ទីភ្នាក់ងារសុវត្ថិភាពសមុទ្រអឺរ៉ុប (EMSA) និងនាវាសម្អាតឯកជនបានចូលរួមក្នុងសមយុទ្ធនេះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធនេះ គឺជាផ្នែកមួយនៃការរៀបចំសម្រាប់ឆ្លើយតបទៅនឹង «បញ្ហាប្រឈមកាន់តែខ្លាំង ដែលប៉ះពាល់ដល់ការដឹកជញ្ជូន ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូនថាមពល»។ ប្រធានឆ្មាំល្បាតឆ្នេរ បាននិយាយនៅពេលសមយុទ្ធថា ស្ថានភាពភូមិសាស្ត្រនយោបាយកំពុងវិវត្ត ដែលបង្ខំឱ្យយើងសាកល្បងការត្រៀមខ្លួនរបស់យើងជារៀងរាល់ថ្ងៃ។

ប្រទេសក្រិកគឺជាកម្លាំងដ៏លេចធ្លោមួយក្នុងការដឹកជញ្ជូនទំនិញសកល ដោយគ្រប់គ្រងក្បួននាវាពាណិជ្ជកម្មធំបំផុតមួយរបស់ពិភពលោក។ ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល២០% របស់ពិភពលោក ត្រូវបានរំខានយ៉ាងខ្លាំងក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលនៅបន្តលើប្រទេសអ៊ីរ៉ង់។ ម្ចាស់នាវារបស់ប្រទេសក្រិក មួយចំនួនបានបញ្ជូននាវាដឹកប្រេងឆៅ និងនាវាដឹកទំនិញស្ងួតឆ្លងកាត់ច្រកសមុទ្រ ក្នុងអំឡុងពេលសង្គ្រាម ដោយប្រថុយនឹងការបំផ្លិចបំផ្លាញពីគ្រាប់មីន មីស៊ីល និងយានដ្រូន។