ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលី ជាថ្មីម្តងទៀតបានខកខានកៅអីបាល់ទាត់ពិភពលោក ៣ ព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីបរាជ័យទល់នឹងបូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៃវគ្គ Play-Off ផ្តាច់ព្រ័ត្រ។
មិនដែលមានអតីតជើងឯកណាមួយធ្លាប់ខកខានកៅអី World Cup ៣ ព្រឹត្តិការណ៍ជាប់គ្នាបែបនេះឡើយ បន្ទាប់ពីពួកគេខកខានឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា។
អ៊ីតាលីដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Play-Off នេះក្រោយឈ្នះអៀកឡង់ខាងជើងនោះ រកបានគ្រាប់នាំមុខមុន ដោយ Moises Kean តាំងពីនាទីទី ១៥ តែពួកគេនៅសល់គ្នាតែ ១០ នាក់ត្រឹមនាទីទី ៤១ នៅពេល Alessandro Bastoni ទទួលបានកាតក្រហម។
ក្រុមរបស់លោក Gennaro Gattuso ត្រូវលេងដោយគ្នាតិចជាងពេញមួយវគ្គទីពីរ ហើយពួកគេមិនអាចទប់ជាប់ឡើយដោយខ្សែប្រយុទ្ធ Moenchengladbach, Haris Tabakovic ជាអ្នកតាមស្មើឱ្យបូស្នៀនៅនាទីទី ៧៩។
មិនមានក្រុមណារកបានគ្រាប់បាល់ទៀតឡើយទោះថែម ១៥ នាទីពីរដងក៏ដោយ ខណៈអ្វីៗត្រូវសម្រេចដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។
Pio Esposito និង Bryan Cristante ស៊ុតមិនសម្រេចដូចគ្នា ខណៈបូស្នៀស៊ុត ៤ គ្រាប់ចូលទាំង ៤ ដោយ Benjamin Tahirovic, Tabakovic, Kerim Alajbegovic និង Esmir Bajraktarevic។
តាំងពីឈ្នះជើងឯកពិភពលោកលើកទី ៤ នៅឆ្នាំ ២០០៦ អ៊ីតាលីឆ្លងមិនផុតវគ្គចែកពូលឡើយនៅពីរព្រឹត្តិការណ៍បន្ទាប់ឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង និង ២០១៤ នៅប្រេស៊ីល។
បូស្នៀនៅពេលនេះទទួលបានកៅអី World Cup លើកទីពីរក្នុងប្រវត្តិសាស្រ្តដោយត្រូវចូលក្នុងពូល B ជាមួយម្ចាស់ផ្ទះកាណាដា កាតា និងស្វ៊ីស៕ អត្ថបទ៖នាង សុភាវុធ