បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United និងហង្សក្រហម Liverpool នឹងត្រូវជួបគ្នាលក្ខណៈមិត្តភាព Pre-Season ត្រៀមរដូវកាលថ្មីនៅទឹកដីទីក្រុងបាងកកប្រទេសថៃនៅខែកក្កដាខាងមុខនេះ។ ក្លិបបាល់ទាត់នៅ Old Trafford មួយនេះនឹងជួបជាមួយក្រុមរបស់លោក Jurgen Klopp នៅកីឡដ្ឋាន Rajamangala ទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា។
បន្ទាប់ពីបេសកកម្មនៅប្រទេសថៃ Manchester United នឹងបន្តដំណើរទៅទឹកដីអូស្ត្រាលីជាមួយក្រុម Melbourne Victory នៅកីឡដ្ឋាន Melbourne Cricket Ground ដែលអាចផ្ទុកទស្សនិកជនបានដល់ ១០ម៉ឺននាក់នៅថ្ងៃទី១៥ ខែកក្កដាដដែល មុនបន្តជួប Crystal Palace នៅកីឡដ្ឋានដដែលនៅថ្ងៃទី១៩ ខែកក្កដា។ សូមបញ្ជាក់ថា ក្លិបបាល់ទាត់នៅតំបន់អឺរ៉ុបបានផ្អាកការធ្វើដំណើរទេសចរប្រកួតមិត្តភាពកំដៅសាច់ដុំ Pre-Season ត្រៀមរដូវកាលថ្មីបែបនេះពីរឆ្នាំមកហើយដោយសារវិបត្តិកូវីដ-១៩៕
អត្ថបទ៖នាង សុភាវុធ