រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារ (៣១ មីនា) ថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា គឺមានគោលបំណងទទួលបានការគ្រប់គ្រងបន្ថែមទៀតលើធនធានប្រេង និងឧស្ម័ន។

លោក Lavrov បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនចង់បានប្រក្រតីភាពឡើងវិញរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួននោះទេ ហើយបានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចវិវត្តទៅជាជម្លោះកាន់តែទូលំទូលាយ។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Financial Times ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោកប្រធានាធិបតីអាមេរិក Donald Trump ក៏បាននិយាយថា លោកចង់ «យកប្រេងពីអ៊ីរ៉ង់» ហើយបង្ហើបពីលទ្ធភាពដណ្តើមយកមជ្ឈមណ្ឌលនាំចេញដ៏ធំរបស់អ៊ីរ៉ង់គឺកោះ Kharg។
ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសមីការថាមពលពិភពលោក។ ចំពោះធនធានប្រេង គេដឹងជាទូទៅថា វ៉េណេស៊ុយអេឡាមានទុនបម្រុងប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈអ៊ីរ៉ង់បានដើរតួនាទីជាយុទ្ធសាស្ត្រទាំងក្នុងការផលិតប្រេង និងឧស្ម័នធម្មជាតិ នៅក្នុងទ្រង់ទ្រាយសកល៕


