សហព័ន្ធបាល់ទាត់ហ្កាណាបានសម្រេចបញ្ចប់តំណែងអ្នកចាត់ការក្រុមជម្រើសជាតិលោក Otto Addo ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅសល់មិនដល់ ៣ ខែទៀតចាប់ផ្តើម។
ការចាកចេញរបស់លោក Addo ធ្វើឡើងបន្ទាប់ពីបរាជ័យរបស់ហ្កាណា ២-១ ទល់នឹងអាល្លឺម៉ង់លក្ខណៈមិត្តភាពនៅទីក្រុង Stuttgart កាលពីយប់ថ្ងៃចន្ទ និងបរាជ័យ ៥-១ នៅទល់នឹងអូទ្រីសសប្តាហ៍មុន។
ក្រុមផ្កាយខ្មៅហ្កាណាដែលស្ថិតក្នុងពូលជាមួយអង់គ្លេសនៅ World Cup ដែរនោះ បានជួបនឹងបរាជ័យបួនប្រកួតជាប់គ្នារួចមកហើយ ទោះបីជាក្រុមមានកីឡាករល្បីៗដូចជា Antoine Semenyo និង Mohammed Kudus ក៏ដោយ ហើយក្រោមការដឹកនាំរបស់លោក Addo ហ្កាណាក៏មិនបានចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក ២០២៥ នៅម៉ារ៉ុកផងដែរ។
បុរសវ័យ ៥០ ឆ្នាំ Otto Addo មានដើមកំណើតនៅអាល្លឺម៉ង់ និងធ្លាប់ចំណាយពេលបាល់នៅអាល្លឺម៉ង់ពេញមួយអាជីពជាកីឡាករ។
World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ក្រុមបាល់ទាត់ជម្រើសជាតិហ្កាណាស្ថិតក្នុងពូល L ដែលនឹងត្រូវជួបជាមួយប៉ាណាម៉ា អង់គ្លេស និងក្រូអាស៊ី៕ អត្ថបទ៖នាង សុភាវុធ

