លោកប្រធានាធិបតីអាមេរិក Donald Trump នឹងអញ្ជើញទៅកាន់តុលាការកំពូលដោយផ្ទាល់នៅថ្ងៃពុធ ទី១ ខែមេសា នេះ ដើម្បីចូលរួមក្នុងសវនាការដេញដោល លើករណីពាក់ព័ន្ធនឹងសិទ្ធទទួលបានសញ្ជាតិជាពលរដ្ឋអាមេរិកពីកំណើត។ នៅពេលត្រូវសាកសួរថាតើលោកនឹងទៅតុលាការដែរឬទេ លោក Trump បានឆ្លើយថា «ប្រហែលជាទៅ»។ ក្រោយមក សេតវិមានបានបញ្ជាក់ថា លោក Trump នឹងចូលរួមស្ដាប់សវនាការតុលាការកំពូល នាវេលាម៉ោងក្នុងស្រុក ១០ព្រឹក នៅថ្ងៃពុធនេះ។

តុលាការកំពូលអាមេរិក នឹងបើកសវនាការជជែកដេញដោលនៅថ្ងៃពុធ ទី១ ខែមេសា អំពីភាពស្របច្បាប់នៃសេចក្តីបង្គាប់របស់លោក Trump ក្នុងការរឹតត្បិតសញ្ជាតិពីកំណើតនៅក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកដ៏ចម្រូងចម្រាសមួយនៃកិច្ចប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់អន្តោប្រវេសន៍ ហើយក៏ជាជំហានមួយដែលនឹងផ្លាស់ប្តូរការយល់ដឹងជាយូរមកហើយចំពោះបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញអាមេរិក ដែលមានតាំងពីសតវត្សទី១៩មក។
សេចក្តីបង្គាប់របស់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ ត្រូវបានដាក់ចេញកាលពីខែមករា ឆ្នាំ ២០២៥ ជាថ្ងៃដំបូងនៃការចូលកាន់តំណែងឡើងវិញរបស់លោក ហើយជាជាការអនុវត្តតាមការគំរាមកំហែងជាច្រើនឆ្នាំមកហើយក្នុងការរឹតត្បិតសញ្ជាតិពីកំណើត។
តុលាការជាន់ទាបបានរារាំងក្រឹត្យរបស់លោក Trump ដែលបានបង្គាប់ឱ្យភ្នាក់ងារសហរដ្ឋអាមេរិក មិនត្រូវទទួលស្គាល់សញ្ជាតិរបស់កុមារដែលកើតក្នុងសហរដ្ឋអាមេរិកឡើយ ប្រសិនបើឪពុកម្តាយទាំងពីរមិនមែនជាពលរដ្ឋអាមេរិក ឬមិនមែនជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ ដែលហៅម្យ៉ាងទៀតថាអ្នកកាន់ «បណ្ណបៃតង» (Green Card) ទេនោះ៕

