ក្រុមប្រដាប់អាវុធបានបើកការវាយប្រហារបន្ថែមទៀត នៅក្នុងតំបន់ធញ្ញជាតិ Artibonite របស់ប្រទេសហៃទី កាលពីថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារចុងសប្តាហ៍របស់ក្រុមអន្ធពាល នៅក្នុងតំបន់ Jean-Denis បានបណ្តាលឲ្យមនុស្សប្រមាណជា ៧០នាក់ស្លាប់។ នេះបើយោងតាមការឲ្យដឹងពីក្រុមសិទ្ធិមនុស្ស និងអ្នកស្រុក ក្នុងតំបន់នេះ។
នគរបាលជាតិ បានប្រាប់ថា ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងផ្នែកជាច្រើននៃតំបន់ Artibonite កាលពីថ្ងៃអង្គារ។ ក្រុមបណ្តាញជាតិ សម្រាប់ការពារសិទ្ធិមនុស្ស (RNDDH) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា អ្នកស្រុកតំបន់ Jean-Denis បានរាប់សាកសពចំនួន ៧០នាក់ កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីមានការវាយប្រហារដោយក្រុមអន្ធពាល Gran Grif ដោយចំនួននេះត្រូវគ្នានឹងការប៉ាន់ស្មានរបស់ក្រុមសិទ្ធិ Defense Plus ប៉ុន្តែខ្ពស់ជាងការប៉ាន់ប្រមាណជាផ្លូវការ ដែលដាក់ចំនួនអ្នកស្លាប់ប្រហែលជា ១៦នាក់។
RNDDH បានឲ្យដឹងទៀតថា មនុស្សប្រហែល ៣០នាក់ទៀត បានរងរបួស ហើយជនរងគ្រោះ រួមមានទារក ស្ត្រីមានផ្ទៃពោះ ក្មេងជំទង់ និងបុរសអាយុ ៨០ឆ្នាំ។
RNDDH បានបន្ថែមថា ក្រុមប្រដាប់អាវុធបានដកចេញពីតំបន់ Jean-Denis កាលពីថ្ងៃចន្ទ ប៉ុន្តែនៅថ្ងៃអង្គារ ពួកគេបានផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅតំបន់ Pont Benoit ដែលនៅក្បែរនោះ ហើយកំពុងព្យាយាមបើកការវាយលុកមួយផ្សេងទៀត នៅក្នុងទីក្រុង Marchand Dessalines ដែលមានចម្ងាយប្រហែល ១៩គីឡូម៉ែត្រ នៅភាគខាងជើង៕


