រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ថា ប្រទេសឥណ្ឌូនេស៊ី នឹងអនុវត្តវិធានការដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ដើម្បីទប់ទល់ការកើនឡើងតម្លៃថាមពល និងការរំខានដល់ការផ្គត់ផ្គង់ទាក់ទងនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ក្នុងចំណោមការផ្លាស់ប្តូរ ដែលត្រូវបានដាក់ចេញ រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយធ្វើការពីផ្ទះរៀងរាល់ថ្ងៃសុក្រសម្រាប់មន្ត្រីរដ្ឋ លើកលែងតែវិស័យសុខាភិបាលនិងសន្តិសុខ ដែលអាចសន្សំប្រាក់បាន៦,២ពាន់ពាន់លានរូពី ឬ៣៦៤,៩២លានដុល្លារ ក្នុងការឧបត្ថម្ភធនប្រេងឥន្ធនៈ។ វាក៏នឹងកំណត់ការលក់ប្រេងឥន្ធនៈនៅត្រឹម ៥០លីត្រក្នុងមួយថ្ងៃសម្រាប់រថយន្តមួយគ្រឿង។
ទន្ទឹមនឹងនេះ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ប្រទេសជប៉ុននិងប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាបង្កើនការសម្របសម្រួលលើសន្តិសុខថាមពល ខណៈសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កំពុងធ្វើឱ្យការផ្គត់ផ្គង់ប្រេង និងឧស្ម័នសំខាន់ៗដល់អាស៊ីកាន់តែតានតឹង។ លោកស្រី Takaichi បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការលើសន្តិសុខថាមពល ក្នុងពេលមានស្ថានភាពនៅអ៊ីរ៉ង់ រួមជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងតូក្យូ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញធ្យូងថ្មកម្ដៅធំបំផុតរបស់ពិភពលោកសម្រាប់ការផលិតថាមពល ដោយផ្គត់ផ្គង់ប្រហែលពាក់កណ្តាលនៃការនាំចេញសកល។ ប្រទេសនេះក៏ជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវដ៏សំខាន់មួយផងដែរ ដោយមានប្រហែលមួយភាគបួននៃការដឹកជញ្ជូនរបស់ខ្លួន ចូលទៅប្រទេសជប៉ុន។
