យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ និងផលប៉ះពាល់នៃសង្គ្រាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តាប្រទេសអារ៉ាប់ ដោយមនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

របាយការណ៍មួយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បាននិយាយថា ផលិតផលក្នុងស្រុកសរុប(GDP) នៅក្នុងតំបន់ ត្រូវបានប៉ាន់ប្រមាណថាធ្លាក់ចុះប្រហែល៣,៧ ទៅ៦ភាគរយ បន្ទាប់ពីសង្គ្រាមរយៈពេលមួយខែ ដែលស្មើនឹងការធ្លាក់ចុះ ១២០ ពាន់លានដុល្លារដល់ ១៩៤ ពាន់លានដុល្លារ។
លោក Abdallah Al Dardari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកការិយាល័យប្រចាំតំបន់របស់អង្គការ UNDP សម្រាប់រដ្ឋអារ៉ាប់ បាននិយាយថា ការងារចំនួន ៣,៧ លានកន្លែងនឹងត្រូវបាត់បង់ ហើយមនុស្សប្រហែលបួនលាននាក់ទៀតនៅក្នុងតំបន់នេះ អាចធ្លាក់ចូលក្រោមបន្ទាត់នៃភាពក្រីក្រ ដោយនិយាយថា សង្គ្រាមបានបង្ហាញពី «ភាពផុយស្រួយនៅក្នុងសេដ្ឋកិច្ចអារ៉ាប់»។
របាយការណ៍ដែលផ្អែកលើការព្យាករណ៍អំពី «ជម្លោះរយៈពេលខ្លី ប៉ុន្តែខ្លាំងក្លាមានរយៈពេលបួនសប្តាហ៍មកនេះ» បង្ហាញថាផលប៉ះពាល់នៃសង្គ្រាម ដែលបានមើលឃើញថា អ៊ីរ៉ង់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលឈូងសមុទ្រ និងរឹតត្បិតការនាំចេញប្រេងនិងឧស្ម័នតាមរយៈច្រកសមុទ្រ Hormuz ទំនងជាខ្ពស់ជាងនេះ ប្រសិនបើសង្គ្រាមនៅអូសបន្លាយពេលយូរ។
