ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង ២០០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសលីបង់ទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីការប្រយុទ្ធគ្នា បានបន្តឡើងវិញ កាលពីមួយខែមុនរវាងកងកម្លាំងអ៊ីស្រាអែល និងចលនាហេសបូឡានៅលីបង់។
ប្រទេសលីបង់ ត្រូវបានទាញចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា នៅដើមខែមីនា នៅពេលដែលការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក បានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ និងក្រុមហេសបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បានឆ្លើយតបដោយការបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយប្រហារគោលដៅនៅទូទាំងប្រទេសលីបង់ និងបានបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងទឹកដីរបស់ប្រទេសជិតខាងរបស់ខ្លួន។ អាជ្ញាធរលីបង់និយាយថា មនុស្សជាង ១.២០០នាក់ ត្រូវបានសម្លាប់។
លោកស្រី Aseer Al-Madaien អ្នកតំណាងបណ្តោះអាសន្នរបស់អង្គការ UNHCR ប្រចាំប្រទេសស៊ីរី បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងដាម៉ាសថា៖«រយៈពេលជិតមួយខែបន្ទាប់ពីអរិភាពកាន់តែខ្លាំងឡើង នៅក្នុងប្រទេសលីបង់ ស៊ីរីបានឃើញការកើនឡើងយ៉ាងខ្លាំងនូវមនុស្សដែលឆ្លងកាត់ព្រំដែនពីប្រទេសលីបង់»។
លោកស្រី បាននិយាយថា ចន្លោះពីថ្ងៃទី ០២ ដល់ថ្ងៃទី ២៧ ខែមីនា «មនុស្សជាង ២០០.000 នាក់ បានចូលប្រទេសស៊ីរី តាមរយៈចំណុចឆ្លងកាត់ផ្លូវការចំនួនបី»៕
