នៅថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបពិភាក្សានៅទីក្រុងសេអ៊ូល ជាមួយមេដឹកនាំឥណ្ឌូនេស៊ី លោក Prabowo Subianto ជាទីដែលពួកលោក បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យរ៉ែសំខាន់ៗ បច្ចេកវិទ្យា និងថាមពលស្អាត។ នេះបើយោងតាមការឲ្យដឹងពីវិមានប្រធានាធិបតី Blue House របស់ទីក្រុងសេអ៊ូល។
បើយោងតាមកាលវិភាគរបស់ការិយាល័យប្រធានាធិបតី បានបង្ហាញថា មេដឹកនាំទាំង២ បានជួបគ្នាបន្ទាប់ពីមានពិធីស្វាគមន៍ផ្លូវការ នៅឯវិមាន Blue House ដែលតាមមកដោយកិច្ចប្រជុំកំពូល និងបានត្រួតពិនិត្យការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាច្រើន មុនដល់អាហារថ្ងៃត្រង់។

ការិយាល័យនេះបានឲ្យដឹងទៀតថា ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏នឹងចូលរួមវេទិកាអាជីវកម្មមួយផងដែរ នៅទីក្រុងសេអ៊ូល នាល្ងាចថ្ងៃពុធ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក។
កិច្ចព្រមព្រៀងទាំងនេះ ក៏រួមបញ្ចូលទាំងការគាំទ្រ សម្រាប់គម្រោងថាមពលកកើតឡើងវិញ និងមជ្ឈមណ្ឌលទិន្នន័យ ខណៈដែលប្រទេសទាំង២ កំពុងលើកកម្ពស់ទំនាក់ទំនងរបស់ភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
យ៉ាងណាក្ដី មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានប្រកាសនោះឡើយ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងរួមទាំងគម្រោងរួមគ្នា រវាងប្រទេសទាំង២ ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងផលិតក្នុងស្រុក KF-21 របស់កូរ៉េខាងត្បូង៕
