ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា យន្តហោះយោធា ១គ្រឿងរបស់ខ្លួន បានធ្លាក់នៅបទ្វីបគ្រីម៉ា ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ២៩នាក់បាត់បង់ជីវិត។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកដំណើរ ២៣នាក់ និងសមាជិកអាកាសយានិក ៦នាក់ នៅលើយន្តហោះនោះ។ ក្រសួងបានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលហោះហើរតាមកាលវិភាគ ពីលើឧបទ្វីបគ្រីម៉ា កាលពីថ្ងៃទី៣១ ខែមីនា វេលាម៉ោងប្រហែល ៦:០០ល្ងាច ម៉ោងនៅទីក្រុងមូស្គូ (ត្រូវនឹងម៉ោង ១៥:០០ ម៉ោងសកល) ការទំនាក់ទំនងជាមួយយន្តហោះដឹកជញ្ជូនយោធា An-26 ត្រូវបានដាច់»។
ក្រសួងបានបន្ថែមថា ក្រុមស្វែងរក និងជួយសង្គ្រោះ បានរកឃើញទីតាំងធ្លាក់យន្តហោះ An-26 ហើយមិនឃើញមានអ្នកនៅរស់រានមានជីវិតទេ។
គណៈកម្មការមួយពីក្រសួង កំពុងធ្វើការនៅកន្លែងយន្តហោះធ្លាក់។ ក្រសួងបានកត់សម្គាល់ថា មិនមានភស្តុតាងដែលបង្ហាញពីការមានការប៉ះពាល់ខាងក្រៅ ចំពោះយន្តហោះនេះឡើយ ហើយមូលហេតុបឋមនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីបញ្ហាបច្ចេកទេស៕
