រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក នឹងពិនិត្យឡើងវិញនូវតម្លៃរបស់អង្គការណាតូចំពោះទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានបញ្ចប់។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News ថា៖«យើងនឹងត្រូវពិនិត្យឡើងវិញនូវតម្លៃរបស់ណាតូ និងសម្ព័ន្ធយោធានេះសម្រាប់ប្រទេសរបស់យើង។ នៅទីបំផុត នោះ គឺជាការសម្រេចចិត្តសម្រាប់ប្រធានាធិបតីដែលត្រូវធ្វើ»។

លោក Rubio បានកត់សម្គាល់ថា៖«យើងនឹងត្រូវពិនិត្យឡើងវិញថាតើសម្ព័ន្ធយោធានេះ ដែលបានបម្រើប្រទេសនេះ យ៉ាងល្អមួយរយៈមកហើយ នៅតែបម្រើគោលបំណងនោះឬអត់ ឬវាបានក្លាយជាផ្លូវមួយ ដែលអាមេរិកគ្រាន់តែស្ថិតក្នុងជំហរការពារអឺរ៉ុប ប៉ុន្តែនៅពេលដែលយើងត្រូវការជំនួយពីសម្ព័ន្ធយោធា របស់យើង ពួកគេនឹងបដិសេធសិទ្ធិមូលដ្ឋានរបស់យើង ហើយពួកគេនឹងបដិសេធការហោះហើររបស់យើង ពីលើអាកាសរបស់ពួកគេថែមទៀត»៕
