អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani បាននិយាយកាលពីថ្ងៃអង្គារថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាង ៣៩.៥០០ កន្លែង ត្រូវបានខូចខាត នៅក្នុងទីក្រុងតេអេរ៉ង់ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ។
លោកស្រី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«អគារលំនៅឋាន និងពាណិជ្ជកម្មសរុបចំនួន ៣៩.៥០៨ កន្លែង នៅទីក្រុងតេអេរ៉ង់ ត្រូវបានខូចខាត ចាប់ពីហាងកាត់សក់ស្ត្រី រហូតដល់សាលាតន្ត្រី និងអាជីវកម្មផ្សេងទៀត ជាកន្លែងដែលប្រជាជនសាមញ្ញរីករាយនឹងជីវិតរបស់ពួកគេ»។
លោកស្រី Mohajerani បានបន្ថែមថា៖«ក្នុងរយៈពេល ៣២ថ្ងៃនៃសង្គ្រាមនេះ ទីតាំងស៊ីវិលចំនួន ១០៥.៣២៥ កន្លែង ត្រូវបានវាយប្រហារ រួមទាំងអគារលំនៅឋាន ចំនួន ៨៣.៣៥១ ខ្នង និងអចលនទ្រព្យពាណិជ្ជកម្មចំនួន ២១.០៥៩ កន្លែង»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។
កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេរិកនៅបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ក្រោយមក សភាអ្នកជំនាញនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានប្រកាសជ្រើសរើសលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ayatollah ដែលត្រូវបានគេធ្វើឃាត ជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសនេះ៕
