នៅថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានព្រមាន ថា ប៉ុន្មានខែខាងមុខ «អាចនឹងជាពេលវេលាមិនងាយស្រួល» ឡើយ ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដោយការលើកឡើងនេះ មាននៅក្នុងសុន្ទរកថាដ៏កម្រមួយទៅកាន់ប្រជាជាតិ ដែលត្រូវបានផ្សាយនៅទូទាំងបណ្តាញទូរទស្សន៍។

លោក Albanese បាននិយាយថា៖ «ប៉ុន្មានខែខាងមុខនេះ ប្រហែលមិនមែនជាពេលវេលាងាយស្រួលឡើយ។ ខ្ញុំចង់និយាយដោយត្រង់ៗ អំពីរឿងនោះ។ គ្មានរដ្ឋាភិបាលណាមួយ អាចសន្យាថា នឹងលុបបំបាត់សម្ពាធដែលសង្គ្រាមនេះកំពុងបង្កឡើងបានទេ»។
ជម្លោះដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានរីករាលដាលពាសពេញតំបន់ ដោយធ្វើឲ្យទីផ្សារថាមពលច្របូកច្របល់ និងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក។
ដោយប្រឈមនឹងការកើនឡើងតម្លៃប្រេងសាំងជាប្រវត្តិសាស្ត្រ លោក Albanese បានជំរុញឲ្យប្រជាជនអូស្ត្រាលីប្តូរទៅប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងរក្សាទុកប្រេងឥន្ធនៈ សម្រាប់សហគមន៍ជនបទ និងសេវាកម្មសំខាន់ៗ។
លោកបាននិយាយថា៖ «ប្រទេសអូស្ត្រាលីមិនមែនជាអ្នកចូលរួមសកម្មក្នុងសង្គ្រាមនេះទេ។ ប៉ុន្តែប្រជាជនអូស្ត្រាលីទាំងអស់ កំពុងចំណាយខ្ពស់ដោយសារតែជម្លោះនេះ។ កសិករ អ្នកបើកបររថយន្តដឹកទំនិញ អាជីវកម្មខ្នាតតូច និងគ្រួសារនានា កំពុងជួបការលំបាក។ ហើយការពិត គឺថា វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមនេះ នឹងនៅជាមួយយើងអស់រយៈពេលជាច្រើនខែទៀត»។
លោក Albanese មុននេះបានព្យាយាមធានាដល់អ្នកបើកបរថា ការដឹកជញ្ជូនប្រេងឥន្ធនៈ នៅតែបន្តមកដល់ប្រទេសអូស្ត្រាលី ហើយកង្វះខាតប្រេងឥន្ធនៈ នៅតាមទីប្រជុំជនជនបទ កើតចេញពីបញ្ហាទិញ និងចែកចាយដោយភ័យស្លន់ស្លោ៕


