ឆ្មាំល្បាតឆ្នេរទួរគីនិយាយថា មនុស្សយ៉ាងហោច ១៨នាក់ បានស្លាប់ ពេលដែលទូកពោងមួយគ្រឿងដឹកជនអន្តោប្រវេសន៍ បានលិចក្នុងសមុទ្រអេជៀន ស្ថិតនៅជិតខេត្តភាគខាងលិច Mugla របស់ប្រទេសទួរគី ហើយប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងបន្តនៅតំបន់នោះ ។

ឆ្មាំល្បាតឆ្នេរ និយាយថា ទូកពោងមួយគ្រឿងនេះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង ៣ ម៉ោងសកល ថ្ងៃអង្គារ នៅជិតតំបន់ឆ្នេរស្រុក Bodrum ហើយនិងបានព្យាយាមបើកគេច បើទោះបីជាមានការព្រមានឲ្យឈប់ក៏ដោយ ។
ពួកគេបន្តថា ក្រោយមកទូកពោងមួយគ្រឿងនេះ បានចូលទឹកដោយសារស្ថានភាពអាកាសធាតុអាក្រក់ ហើយនិងបានលិច ។ ឧទ្ធម្ភាគចក្រឆ្មាំល្បាតឆ្នេរ និងទូក ៣ គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីចុះប្រតិបត្តិការរុករក និងជួយសង្រ្គោះ ហើយមកទល់នឹងពេលនេះ ពួកគេបានជួយសង្រ្គោះមនុស្សបាន ២១នាក់ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឆ្មាំល្បាតឆ្នេរទួរគី ពុំបានបញ្ជាក់នោះឡើយថាតើទូកពោងមួយគ្រឿងនេះ ចាកចេញពីទីណា ឬកន្លែងណាដែលពួកគេធ្វើដំណើរទៅ ។
សូមបញ្ជាក់ថា សមុទ្រអេជៀន បានក្លាយជាផ្លូវឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ដែលព្យាយាមធ្វើដំណើរឆ្លងកាត់មកពីអាហ្វ្រិកខាងជើង និងតំបន់មជ្ឈិមបូព៌ា ទៅកាន់អឺរ៉ុប ជាពិសេសមកពីប្រទេសទួរគី ដែលមានជនភៀសខ្លួនរាប់លាននាក់មកពីស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ៕
