ក្រសួងសុខាភិបាលលីបង់និយាយថា រថយន្តរងការខូចខាត និងស្នាមប្រឡាក់ឈាម ត្រូវបានមើលឃើញនៅទូទាំងតំបន់ Jnah ទីក្រុងបេរូត ប្រទេសលីបង់ នាថ្ងៃពុធនេះ ក្រោយការវាយប្រហារពេលយប់របស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ និងមនុស្ស ២១នាក់ផ្សេងទៀត រងរបួស ។

យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធនេះថា ពួកគេបានបើកការវាយប្រហារ ២លើកដាច់ដោយឡែកពីគ្នា ដោយមានគោលដៅលើមេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមហេសបូឡា និងសមាជិកម្នាក់ទៀតរបស់ក្រុមស្ថិតក្រោមចំណុះរបស់អ៊ីរ៉ង់មួយនេះ នៅទីក្រុងបេរូត ប៉ុន្តែអ៊ីស្រាអែលពុំបានបញ្ជាក់អត្តសញ្ញាណរបស់ពួកគេនោះឡើយ ។ នៅពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះដែរពីក្រុមហេសបូឡា ចំពោះការវាយប្រហារលើកនេះ ។
វាគឺជាការវាយប្រហារចុងក្រោយគេនៅក្នុងការឈ្លានពានរបស់អ៊ីស្រាអែលលើលីបង់ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១.២០០នាក់ និងមនុស្ស ១.២លាននាក់ផ្សេងទៀត ជម្លៀសខ្លួន ។
លីបង់ត្រូវបានអូសទាញឲ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា ពេលដែលក្រុមហេសបូឡា ផ្លោងគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់ រយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយអ៊ីរ៉ង់រងការវាយប្រហារដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។ ការវាយប្រហាររបស់ក្រុមហេសបូឡានេះដែរ ជំរុញឲ្យមានការវាយប្រហារតាមជើងគោក និងច្រកអាកាសជាថ្មីរបស់អ៊ីស្រាអែល ៕
