រុស្ស៊ី៖ យោងតាមសារព័ត៌មាន Reuters ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងបន្ថែមទាហានកែណ្ឌចំនួន ១៣៤.៥០០នាក់មានអាយុចន្លោះពី ១៨ និង ២៧ឆ្នាំបញ្ចូលក្នុងទាហានរុស្ស៊ី ជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងនិទាឃៈរដូវ។

ក្រឹត្យនេះបានកើតឡើង ៥សប្ដាហ៍បន្ទាប់ពីការចាប់ផ្ដើមចូលលុកលុយអ៊ុយក្រែន ពីសំណាក់ប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu កាលពីដើមសប្ដាហ៍នេះបាននិយាយថា ពុំមានទាហានកែណ្ឌថ្មីណាម្នាក់ត្រូវបញ្ជូន ទៅកាន់តំបន់មានការវាយប្រយុទ្ធគ្នាខ្លាំងក្លានោះទេ ទោះបីជាក្រុងមូស្គូធ្លាប់មានបំណងលាក់បាំងការប្រើប្រាស់ទាហានកែណ្ឌ នៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។ លោក Putin បានអះអាងកាលពីដើមខែមីនាថា ទាហានកែណ្ឌរបស់រុស្ស៊ីមិនចូលរួមក្នុងការវាយប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែនទេ ជាទីដែលកងទ័ពរុស្ស៊ីបានបាត់បង់អាយុជីវិតច្រើនជាងការរំពឹងទុក ទោះបីជាចំនួនទាហានស្លាប់របស់ខ្លួនបច្ចុប្បន្នមិនត្រូវបានដឹងច្បាស់លាស់ក៏ដោយ។
ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញថា ទាហានរុស្ស៊ីចំនួន ១,៣៥១នាក់បានស្លាប់ និង ៣,៨២៥នាក់រងរបួសកាលពីសប្ដាហ៍មុន ខណៈមន្ត្រីជាន់ខ្ពស់អង្គការណាតូនិយាយថា សម្ព័ន្ធយោធានេះបានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីចន្លោះពី ៧,០០០នាក់ទៅ ១៥,០០០នាក់បានស្លាប់ចាប់តាំងពីចូលធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន