ហាងបានបិទទ្វារ ហើយដងផ្លូវមានសភាពស្ងៀមស្ងាត់នៅទូទាំងតំបន់វ៉េសប៊ែងនាថ្ងៃពុធនេះ ស្របពេលដែលជនប៉ាឡេស្ទីននាំគ្នាធ្វើកូដកម្ម បន្ទាប់ពីសភាអ៊ីស្រាអែលអនុម័តច្បាប់កាលពីថ្ងៃចន្ទ ឲ្យមានទោសប្រហារជីវិតសម្រាប់ជនប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសនៅតុលាការយោធា ។

កូដកម្មនេះ ត្រូវបានធ្វើឡើងនៅទីក្រុង Hebron និងទីក្រុង Ramallah ដោយជនប៉ាឡេស្ទីនទាមទារសេរីភាពរបស់ពួកគេ និងអំពាវនាវឲ្យសហគមន៍អន្តរជាតិឈរខាងពួកគេ ។
ក្រុមអ្នករិះគន់និយាយថា ច្បាប់នេះអនុញ្ញាតឲ្យមានទោសប្រហារជីវិតសម្រាប់ជនប៉ាឡេស្ទីន ប៉ុន្តែមិនមែនសម្រាប់ជនជាតិជ្វីហ្វអ៊ីស្រាអែលដែលបានកាត់ទោសពីបទឧក្រិដ្ឋកម្មស្រដៀងគ្នានោះទេ ។
ច្បាប់មួយនេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិលើអ៊ីស្រាអែល ដែលស្ថិតក្រោមការពិនិត្យពិច្ច័យរួចទៅហើយសម្រាប់អំពើហិង្សាកើនឡើងដោយក្រុមអ្នកតាំងលំនៅនិគមន៍ជ្វីហ្វលើជនប៉ាឡេស្ទីន នៅតំបន់កាន់កាប់វ៉េសប៊ែង និងសង្រ្គាមប្រល័យពូជសាសន៍របស់ពួកគេនៅតំបន់ហ្កាហ្សា ។
លោក Ahmed Al-Ras គឺជាជនប៉ាឡេស្ទីនមួយរូបនិយាយថា ការសម្រេចចិត្តមួយនេះ វាគ្មានយុត្តិធម៌រួចទៅហើយសម្រាប់អ្នកទោសប៉ាឡេស្ទីន ។
លោកបន្តថា ទោសប្រហារជីវិតនេះ នឹងនាំឲ្យមានការបាតប់បង់ជនប៉ាឡេស្ទីនជាច្រើននៅក្នុងពន្ធនាគារ ហើយវាក៏ជាអារម្មណ៍ដ៏ឈឺចាប់មួយផងដែរចំពោះបងប្អូន ឪពុកម្តាយ មិត្តភ័ក្តិ និងសាច់ញាតិរបស់អ្នកទោសប៉ាឡេស្ទីន ដែលកំពុងស្ថិតក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ពេលដែលមនុស្សជាទីស្រលាញ់របស់ពួកគេប្រឈមនឹងទោសប្រហារជីវិតបែបនេះ ៕
