បន្ទាប់ពីជំនួបនៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Noel Barrot និយាយនៅថ្ងៃពុធនេះថា ជប៉ុន និងបារាំង ត្រូវតែធ្វើការរួមគ្នា ស្របពេលកើតមានវិបត្តិពុំធ្លាប់មានពីមុនមក ។
លោក Barrot និយាយប្រាប់សមភាគីជប៉ុនលោក Toshimitsu Motegiថា បារាំង និងជប៉ុន រួមកម្លាំងគ្នា គឺជាចំណាត់ការយុទ្ធសាស្រ្តមួយ ដើម្បីចៀសវាងក្លាយជាកូនអុករបស់ប្រទេសមហាអំណាចដទៃ ។
លោក Motegi បានធ្វើការសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់ឲ្យប្រទេសទាំង ២បន្តរក្សាទំនាក់ទំនងជិតស្និតនៅក្នុងវិស័យការពារជាតិ និងវិស័យការទូត ។
ជំនួបនេះ បានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi និងប្រធានាធិបតីបារំាងលោក Emmanuel Macron ដែលត្រូវបានគេរំពឹងថា នឹងបង្កើតផែនទីផ្លូវ ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់រ៉ែកម្រ និងរ៉ែសំខាន់ផ្សេងទៀត ៕

