នៅថ្ងៃពុធនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung មាននូវជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដើម្បីពិភាក្សាលើសន្តិសុខថាមពល និងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើរ៉ែសំខាន់ៗ និងបច្ចេកវិទ្យា ។

ស្របពេលភាពពុំច្បាស់លាស់កើនឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា លោក Lee បានធ្វើការសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហការជិតស្និតជាងមុនជាមួយឥណ្ឌូនេស៊ីលើការផ្គត់ផ្គង់ថាមពល និងសន្តិសុខធនធាន ។
លោក Prabowo បានចាត់ទុកកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីថា ជាដៃគូដ៏សំខាន់មានតួនាទីបំពេញចន្លោះប្រហោងឲ្យគ្នាទៅវិញទៅមក ដោយរូបលោកបញ្ជាក់ពីកម្លាំងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង ហើយនិងទីផ្សារធំ និងធនធានសម្បូរបែបរបស់ឥណ្ឌូនេស៊ី ។
មេដឹកនាំទាំង ២ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងគំនិតផ្តួចផ្តើម គាំទ្រគម្រោងថាមពលកកើតឡើងវិញ និងមជ្ឈមណ្ឌលទិន្នន័យផងដែរ ស្របពេលប្រទេសទាំង ២ បង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត ៕
