វាយកូនបាល់៖ កីឡាករវាយកូនបាល់រុស្ស៊ី Daniil Medvedev បានខកខានត្រឡប់ឡើងឈរលេខ ១ ពិភពលោកវិញក្រោយរងបរាជ័យក្រោមស្នាដៃកីឡាករប៉ូឡូញ Hubert Hurkacz នៅការប្រកួតកម្មវិធី ATP Miami Open នៅសហរដ្ឋអាមេរិក។

កីឡាករវ័យ ២៦ឆ្នាំ Medvedev ត្រូវការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីយកតំណែងលេខ ១ ពី Novak Djokovic វិញតែបែជាបរាជ័យ ៧-៦(៩-៧) និង ៦-៣ ក្រោមស្នាដៃកីឡាករលំដាប់លេខ ៨ Hurkacz ត្រឹមវគ្គ ៨នាក់ចុងក្រោយ។ កីឡាករវ័យ ២៥ឆ្នាំ Hubert Hurkacz ដែលធ្លាប់ឈ្នះ Roger Federer នៅ Wimbledon វគ្គ ៨នាក់ចុងក្រោយឆ្នាំមុននឹងបន្តជួបជាមួយកីឡាករអេស្ប៉ាញ Carlos Alcaraz ដែលបានយកឈ្នះកីឡាករស៊ែប Miomir Kecmanovic។ រំលឹកថា កាលពីខែកុម្ភៈ Medvedev បានក្លាយជាកីឡាករទី២៧ ដែលឡើងមកឈរលេខ ១ ពិភពលោករបស់ ATP Ranking តែគ្រប់គ្រងតំណែងនេះបានត្រឹម ៣សប្តាហ៍ប៉ុណ្ណោះ។ ដោយឡែកងាកមកការប្រកួតផ្នែកនារីនៅ Miami Open នេះផងដែរ កីឡាការិនីជប៉ុន Naomi Osaka បានវាយបកពីក្រោយយកឈ្នះម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូកីឡាការិនីស្វ៊ីស Belinda Bencic ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។
Belinda Bencic បានយកឈ្នះសិតដំបូង ៦-៤ ទៅហើយតែអតីតកីឡាការិនីលេខ ១ ពិភពលោក Osaka ក៏វាយបកយកឈ្នះពីរសិតផ្ទួនៗវិញ ៦-៣ និង ៦-៤ យកឈ្នះការប្រកួតដែលចំណាយពេលដល់ទៅ ២ម៉ោង ៦នាទី។ សូមបញ្ជាក់ថា Naomi Osaka ធ្លាប់ឈ្នះជើងឯក Grand Slam បួនលើករួមមាន Australian Open នៅឆ្នាំ២០១៩ និង ២០២១ រួមជាមួយនឹង US Open ឆ្នាំ២០១៨ និង ២០២០ តែបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៧៧ ពិភពលោកបន្ទាប់ពីមិនបានចូលរួមការប្រកួតណាមួយសោះតាំងពីឆ្នាំ២០២១៕
អត្ថបទ៖នាង សុភាវុធ