ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk នៅភាគខាងកើតអ៊ុយក្រែន ដោយលើកឡើងថា ពួកគេបានដណ្តើមយកដោយកម្លាំងនៃចំណែកដែនដីដ៏តូចដែលមិនអាចវាយយកបាន ចាប់តាំងពីឆ្នាំ២០២២។
រុស្ស៊ីបានគ្រប់គ្រងជាយូរមកហើយ លើដែនដីជាង ៩៩ភាគរយនៃតំបន់ Luhansk ដែលជាតំបន់មួយ ក្នុងចំណោមតំបន់អ៊ុយក្រែនចំនួន ៤ ដែលរុស្ស៊ីបានអះអាងថា ជារបស់ខ្លួនក្នុងឆ្នាំ២០២២ ជាអ្វីដែលទាំងទីក្រុងគីវ និងប្រទេសលោកខាងលិចភាគច្រើន បានបដិសេធថា ជាការរឹបអូសដោយខុសច្បាប់។
ដោយប្រើឈ្មោះដែលទីក្រុងមូស្គូពេញចិត្ត សម្រាប់តំបន់នេះ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គភាពនៃក្រុមយោធាលោកខាងលិច បានបញ្ចប់ការរំដោះសាធារណរដ្ឋប្រជាមានិត Luhansk ទាំងស្រុង»។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍សមរភូមិនេះបានដោយឯករាជ្យឡើយ ហើយក៏មិនមានប្រតិកម្មភ្លាមៗនោះដែរពីប្រទេសអ៊ុយក្រែន។ Luhansk គឺជាតំបន់មួយក្នុងចំណោមតំបន់២ រួមជាមួយ Donetsk ដែលបង្កើតបានជាតំបន់ឧស្សាហកម្ម Donbas ដ៏ធំទូលាយ។
នៅថ្ងៃពុធនេះ វិមានក្រឹមឡាំង បានបញ្ជាក់ជាថ្មីនូវការទាមទាររបស់ខ្លួន ដែលថា កងកម្លាំងអ៊ុយក្រែនត្រូវដកចេញពីផ្នែកមួយនៃតំបន់ Donetsk ដែលទីក្រុងមូស្គូមិនបានគ្រប់គ្រង ដើម្បីបញ្ចប់អ្វីដែលខ្លួនហៅថា «ដំណាក់កាលក្តៅ» នៃសង្គ្រាម ជាការទាមទារដែលទីក្រុងគីវ បានច្រានចោលម្តងហើយម្តងទៀត ដោយចាត់ទុកថា មិនសមហេតុផល៕