ទាហានអ៊ុយក្រែន បានប្រើប្រាស់កាំភ្លើងធំផលិតនៅប្រទេសបារាំង ដើម្បីវាយប្រហារលើកងកម្លាំងរុស្ស៊ីនៅតំបន់ Donetsk ។ តំបន់ Donetsk បានក្លាយជាចំណុចដ៏ក្តៅគគុកមួយនៃការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្របពេលដែលកងកម្លាំងអ៊ុយក្រែនព្យាយាមការពារប្រឆាំងនឹងការរុលចូលរបស់ទាហានរុស្ស៊ី ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូកំពុងផ្តល់ពេល ២ខែ ឲ្យទីក្រុងគីវ ដើម្បីដកខ្លួនចេញពីតំបន់ Donbas បើពុំដូច្នោះទេប្រឈមនឹងការទាមទារថ្មីនៅក្នុងការចរចាសន្តិភាព ។
លោក Zelenskyy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលក្រុង Bucha ក្នុងទឹកដីអ៊ុយក្រែនថា រុស្ស៊ីកំពុងផ្តល់សញ្ញាដល់សហរដ្ឋអាមេរិកថា ពួកគេអាចដណ្តើមយកតំបន់នេះដោយកម្លាំង ហើយបន្ទាប់មកនឹងទាមទារលក្ខខណ្ឌផ្សេងៗក្នុងការចរចា ។
សូមបញ្ជាក់ថា តំបន់ Donbas គឺជាចំណុចជាប់គាំងដ៏សំខាន់មួយក្នុងការចរចាសន្តិភាពសម្របសម្រួលដោយអាមេរិករវាងទីក្រុងគីវ និងទីក្រុងមូស្គូ ដែលភាគច្រើនបានជាប់គាំង ខណៈការផ្តោតសំខាន់របស់ទីក្រុងវ៉ាស៊ីនតោនបានងាកទៅរកសង្គ្រាមជាមួយអ៊ីរ៉ង់ ៕