នៅថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានចោទប្រកាន់ហ្វីលីពីនថា បានបំពានច្បាប់អន្តរជាតិ និងបានគំរាមកំហែងមាន «វិធានការ» ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីទីក្រុងម៉ានីល បានបញ្ជាក់ថា ខ្លួននឹងប្តូរឈ្មោះកោះមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។
ទីក្រុងប៉េកាំងអះអាងសិទ្ធិស្ទើរទាំងស្រុងលើតំបន់ នៅសមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិ ដែលថា ការទាមទាររបស់ខ្លួនគ្មានមូលដ្ឋានច្បាប់ក៏ដោយ។
ក្រោមក្រឹត្យរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos កាលពីថ្ងៃទី៣១ ខែមីនា ទីក្រុងម៉ានីលនឹងប្តូរឈ្មោះតំបន់ថ្មប៉ប្រះទឹក កោះតូច-ធំ និងផ្នែកផ្សេងទៀតជាង ១០០ ដែលស្ថិតនៅក្នុងប្រជុំកោះ Spratly ជាកន្លែងដែលមានការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត រវាងនាវាហ្វីលីពីន និងចិន។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១ ខែមេសានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ចំណាត់ការនេះ «រំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិន និងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិពាក់ព័ន្ធ»។
លោកស្រី Mao បានសង្កត់ធ្ងន់ថា៖ «ប្រទេសចិនប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះហ្វីលីពីន ដែលធ្វើឲ្យខូចអធិបតេយ្យភាព សិទ្ធិ និងផលប្រយោជន៍របស់ចិន ហើយនឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង»៕