ភ្នំពេញ៖ រមណីយដ្ឋានវត្តភ្នំ សួនណាហ្គាវើល និងតំបន់វិមានឈ្នះឈ្នះ និងគោលដៅផ្សេងទៀតនៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងបណ្តាម្ចាស់អាជីវកម្មនានាចាប់ផ្តើមរៀបចំតុបតែងលំអរ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តសប្បាយ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ថ្ងៃទី១៤ ខែមេសានេះ។
លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTVនៅថ្ងៃទី១ ខែមេសានេះថា មន្ទីរ បានចាប់ផ្តើមកាត់ដែកផ្គុំផ្សារដំឡើងគ្រោងឆ្អឹង ដើម្បីបើកការដ្ឋានដំឡើងតង់ ធ្វើឆាក រៀបចំកម្មវិធីបើកសង្ក្រាន្តឆ្នាំថ្មី ដែលមានការនាំគ្នាលេងល្បែងប្រពៃណីជាតិ វាយក្អម ចោលឈូងទាញព្រ័ត្រ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រី នាំគ្នារាំកម្សាន្តរយៈពេល៣ថ្ងៃក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ។
លោក ជុំ វុឌ្ឍី បន្តថា សម្រាប់ការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំនេះ នៅគោលដៅទីតាំងវត្តភ្នំ គឺមន្ទីរបានហាមប្រាមលេងល្បែងបាចទឹកដាក់គ្នា ហើយគ្រប់ពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលកម្សាន្ត គឺតម្រូវឱ្យពាក់ម៉ាស ហើយអាជ្ញាធរការពារអាច នឹងពិនិត្យប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មុននឹងអនុញ្ញាតអោយចូល។
សាលារាជធានីភ្នំពេញ បានប្រកាសអោយបណ្តាអាជីវកម្ម រមណីយដ្ឋានទេសចរណ៍ និងវត្តអារ៉ាមនានា រៀបចំកម្មវិធីសង្គ្រាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចធម្មតាឡើងវិញ និងអនុញ្ញាតមានការរៀបចំលេងល្បែងកម្សាន្ត វាយក្អម ទាញព្រ័ត្រនិងរាំកម្សាន្ត ប៉ុន្តែគ្រប់អ្នកចូលរួមគឺត្រូវពាក់ម៉ាស់ទំាងអស់គ្នា ហើយអាជ្ញាធរមូលដ្ឋានសហការគ្នាឈរចាំជួយណែនាំ និងរៀបចំទាំងការរក្សាគន្លាត ក៏ដូចការការសន្តិសុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋអោយបានល្អប្រសើរ៕ អត្ថបទ ស៊ុម សុខជា