ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសើរ «ភាពអាចទស្សន៍ទាយបាន» របស់អឺរ៉ុប ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នេះ ដោយប្រៀបធៀបវាជាមួយប្រទេសដែល «អាចធ្វើបាបអ្នកដោយមិនចាំបាច់ជូនដំណឹងដល់អ្នក» ដោយនេះទំនងជាការនិយាយបែបចំអកទៅប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Trump បានរិះគន់ប្រទេសបារាំងកាលពីថ្ងៃទី៣១ ខែមីនា ដោយសរសេរនៅលើបណ្ដាញសង្គមថា ទីក្រុងប៉ារីស «មិនមានប្រយោជន៍អ្វីសោះ» ក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីពេលនោះមក។
លោក Macron បានប្រាប់អ្នកចូលរួមព្រឹត្តិការណ៍មេដឹកនាំអាជីវកម្ម និងវិនិយោគិនជប៉ុន នៅទីក្រុងតូក្យូថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ថា ពេលខ្លះអឺរ៉ុបអាចត្រូវបានគេមើលឃើញថា ជាទ្វីបមួយដែលយឺតជាងទ្វីបដទៃទៀត»។ លោកបានបន្ថែមថា៖ «ប៉ុន្តែភាពអាចទស្សន៍ទាយបានមានតម្លៃណាស់ ហើយយើងបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងសូម្បីតែប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកទាំងអស់គ្នាអាចដឹងបានថា យើងនឹងទៅទីណា។ វាមិនអាក្រក់ទេ ក្នុងគ្រាបែបនេះ ជឿខ្ញុំចុះ»។
ជាមួយគ្នានេះ លោក Macron បានរិះគន់បណ្ដាប្រទេសដែលបានអះអាងថា ពួកគេ «កំពុងដំណើរការលឿនជាង» សម្ព័ន្ធមិត្តរបស់ពួកគេ ប៉ុន្តែ «អ្នកមិនដឹងទេថា តើថ្ងៃខានស្អែក ពួកគេនឹងនៅតែស្ថិតក្នុងជំហរនោះដែរ ឬអត់ ហើយថា តើថ្ងៃស្អែក ពួកគេនឹងមិនធ្វើការសម្រេចចិត្តដែលអាចធ្វើឲ្យអ្នកឈឺចាប់ដោយមិនជូនដំណឹងដែរ ឬអត់»។
ការកត់សម្គាល់នេះគឺ ជាការសំដៅទៅលើសង្គ្រាមរយៈពេល ១ខែ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលប្រេងភាគច្រើននាំចូលដោយប្រទេសជប៉ុនជាធម្មតាឆ្លងកាត់ទីនេះ។ បន្ទាប់ពីមានកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងតូក្យូ នាថ្ងៃទី១ ខែមេសា លោក Macron បាននិយាយអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង២ នៅចំពោះមុខ «វិបត្តិថាមពលបច្ចុប្បន្ន»៕