អនុរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបារាំង នៅថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា អង្គការណាតូ (NATO) គឺជាសម្ព័ន្ធមិត្តយោធាដែលធានាសន្តិសុខរបស់តំបន់អឺរ៉ុប-អាត្លង់ទិក (Euro-Atlantic) ហើយមិនត្រូវបានបង្កើឡើង ដើម្បីអនុវត្តប្រតិបត្តិការនៅច្រកសមុទ្រ Hormuz ដែលនឹងរំលោភច្បាប់អន្តរជាតិនោះទេ។
នៅក្នុងសន្និសីទសង្គ្រាម និងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី Alice Rufo បានថ្លែងថា៖ «សូមឲ្យខ្ញុំរំលឹកអ្នកឡើងវិញថា អង្គការណាតូ គឺជាអ្វី។ នេះគឺជាសម្ព័ន្ធមិត្តយោធាដែលពាក់ព័ន្ធនឹងសន្តិសុខរបស់តំបន់អឺរ៉ុប-អាត្លង់ទិក។ សម្ព័ន្ធមិត្តនេះមិនត្រូវបានបង្កើតឡើង ដើម្បីអនុវត្តប្រតិបត្តិការនៅច្រកសមុទ្រ Hormuz ទេ ដែលនឹងជាការរំលោភច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន Daily Telegraph របស់ចក្រភពអង់គ្លេស ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកកំពុងពិចារណាយ៉ាងខ្លាំង អំពីការដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ បន្ទាប់ពីសម្ព័ន្ធមិត្តនេះមិនបានគាំទ្រសកម្មភាពយោធារបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់។
កាលពីថ្ងៃទី៣១ ខែមីនា លោក Trump បានរិះគន់ប្រទេសបារាំង ដោយសរសេរនៅលើបណ្ដាញសង្គមថា ទីក្រុងប៉ារីស «មិនមានប្រយោជន៍អ្វីសោះ» ឡើយ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ីរ៉ង់នេះ ជាជម្លោះដែលបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា៕