ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បាននិយាយថា ការអត្ថាធិប្បាយរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបង្ហាញថា ជនភៀសខ្លួនស៊ីរីភាគច្រើនអាចចាកចេញពីប្រទេសអាល្លឺម៉ង់វិលត្រឡប់ទៅប្រទេសកំណើត គឺជា «ការបំផ្លើស» ដោយសង្កត់ធ្ងន់ថា ការធ្វើមាតុភូមិនិវត្តន៍ណាមួយ គឺអាស្រ័យលើកិច្ចប្រឹងប្រែងកសាងឡើងវិញ នៅក្នុងប្រទេសស៊ីរី។
ការកត់សម្គាល់របស់លោក Al-Sharaa បានកើតមានឡើងបន្ទាប់ពីលោក Merz បាននិយាយកាលពីដើមសប្តាហ៍នេះ ក្នុងអំឡុងពេលមានសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅទីក្រុងប៊ែរឡាំងថា ប្រហែល ៨០ភាគរយនៃជនភៀសខ្លួនស៊ីរីជិត ១លាននាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ គួរតែវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។
ដោយថ្លែងក្នុងកម្មវិធីជួបជុំសន្ទនា នៅឯវិទ្យាស្ថាន Chatham House ក្នុងទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស លោក al-Sharaa បានបញ្ជាក់ថា «សេចក្តីថ្លែងការណ៍នេះមានការបំផ្លើសខ្លះៗ»។ លោកបានបន្ថែមថា «អធិការបតីអាល្លឺម៉ង់ គឺជាអ្នកដែលបានធ្វើសេចក្តីថ្លែងការណ៍នេះ» ខណៈពេលដែលសង្កត់ធ្ងន់ថា ការវិលត្រឡប់របស់ជនភៀសខ្លួន ត្រូវបានភ្ជាប់ទៅនឹងការកសាងប្រទេសឡើងវិញ ដោយបានកត់សម្គាល់ថា «អ្នកមិនអាចគ្រាន់តែដាក់នរណាម្នាក់នៅលើយន្តហោះ ហើយប្រាប់ពួកគេឲ្យចាកចេញទៅនោះទេ»។
ជាមួយគ្នានេះដែរ ដោយនិយាយអំពីភាពតានតឹងក្នុងតំបន់ លោក al-Sharaa បានប្រាប់ថា ប្រទេសស៊ីរីនឹងនៅតែ «មិនពាក់ព័ន្ធក្នុងជម្លោះ» រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដរាបណាទីក្រុងដាម៉ាសមិនត្រូវបានកំណត់គោលដៅដោយផ្ទាល់។ លោកបាននិយាយថា៖ «មិនមានការសង្ស័យនោះទេថា អន្តរាគមន៍របស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ បានជួយរបបដឹកនាំប្រទេសបណ្តេញប្រជាជនស៊ីរីចេញផ្ទះសម្បែងរបស់ពួកគេ»។
លោក Al-Sharaa បានទៅទស្សនកិច្ចប្រទេសអាល្លឺម៉ង់ កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីបានពន្យារពេលជាច្រើនដង មុនពេលធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រី លោកម Keir Starmer៕