ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងបង្កប់បទល្មើស Online Scams មួយកន្លែង ស្ថិតនៅចំណុចដីឡូតិ៍មួយ ក្នុងភូមិស្លែង រលេីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិច្បាប់ដោយតំណាងអយ្យការផងដែរ ។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេសសរុប ២០នាក់ (ស្រី ០២ នាក់) មាន០២សញ្ជាតិ ក្នុងនោះចិន១៩នាក់ , កៀហ្ស៊ីស្ថាន០១នាក់ ) ។
ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការក៏បានធ្វើការដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ ទូរស័ព្ទដៃចំនួន ៨៤៦គ្រឿង , ធុង CPU ចំនួន ៥១គ្រឿង, អេក្រង់ (MONITOR) ចំនួន ៥៤គ្រឿង , ស៊ីមកាតអន្តរជាតិមួយចំនួន ។ ចំណែកសម្ភារៈវត្ថុតាង (ក្នុងឃ្លាំងត្រូវរក្សាទុកបណ្តោះអាសន្ន) រួមមាន ៖ កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន៣១គ្រឿង , ធុង CPU ចំនួន ០២គ្រឿង, អេក្រង់ (MONITOR) ចំនួន ១៨គ្រឿង ។
ផ្នែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ៖ ក្រុមឧក្រិដ្ឋជនបរទេសទាំង២០នាក់ បានប្រព្រឹត្តិបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ក្រោមរូបភាពអូសទាញឲ្យវិនិយោគក្លែងក្លាយ ( INVESTMENT SCAMS ) មានគោលដៅប្រព្រឹត្តិលើជនរងគ្រោះស្ថិតនៅប្រទេសអាឡឺម៉ង់ , សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ វត្ថុតាងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង





