នៅក្នុងសុន្ទរកថាពិសេសកាលពីថ្ងៃពុធ (១ មេសា) ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារអ៊ីរ៉ង់ «កាន់តែខ្លាំងក្លាបំផុត» ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខនេះ ហើយនឹងកម្ទេចអ៊ីរ៉ង់ ឱ្យវិលទៅរក «យុគសម័យថ្ម» វិញ ដោយអះអាងថា «គោលបំណងយុទ្ធសាស្ត្រស្នូល» របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ជិតបានសម្រេចអស់ហើយ។

នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិ លោក Trump បានថ្លែងថា៖ «សហរដ្ឋអាមេរិក នឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លាបំផុតក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ អាមេរិកនឹងនាំពួកគេឱ្យវិលត្រឡប់ទៅយុគសម័យថ្មវិញ»។ លោកក៏បាននិយាយដែរថា៖ «គោលបំណងយុទ្ធសាស្ត្រស្នូលជិតបំពេញបានអស់ហើយ»។
របាយការណ៍ពីសេតវិមានបានឱ្យដឹងថា «នៅក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី Trump យោធាសហរដ្ឋអាមេរិកកំពុងតែអនុវត្តបេសកកម្មនៅអ៊ីរ៉ង់ ប្រកបដោយអំណាច និងភាពជាក់លាក់ដែលមិនអាចប្រៀបផ្ទឹមបាន»។
របាយការណ៍បន្តថា «ចាប់តាំងពីថ្ងៃដំបូងមក គោលបំណងក្នុងសង្រ្គាមនេះគឺច្បាស់លាស់ និងមិនរង្គោះរង្គើ ពោលគឺដើម្បី៖ បំផ្លាញឃ្លាំងអាវុធមីស៊ីលបាលីស្ទិកនិងសមត្ថភាពផលិតរបស់អ៊ីរ៉ង់ បំផ្លាញកងទ័ពជើងទឹករបស់អ៊ីរ៉ង់ កាត់ផ្តាច់ការគាំទ្ររបស់ទីក្រុងតេអេរ៉ង់ចំពោះបណ្ដាញភេរវករ និងធានាថា រដ្ឋដែលឧបត្ថម្ភភេរវកម្មឈានមុខគេរបស់ពិភពលោកមួយនេះ មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»៕


