អ្នកបើកបរជនជាតិអាល្លឺម៉ង់ បានសម្រុកឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសប៉ូឡូញកាលពីថ្ងៃពុធ ទី១ ខែមេសា ដើម្បីស្វែងរកប្រេងឥន្ធនៈដែលមានតម្លៃទាបជាង បន្ទាប់ពីតម្លៃបានកើនឡើងជាច្រើនសេនក្នុងមួយលីត្រ ភ្លាមៗបន្ទាប់ពីពេលថ្ងៃត្រង់ម៉ោងក្នុងស្រុក។ គិតត្រឹមថ្ងៃពុធ ស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសអាល្លឺម៉ង់ តាមច្បាប់ត្រូវបានអនុញ្ញាតឱ្យដំឡើងថ្លៃម្តងក្នុងមួយថ្ងៃ គឺនៅពេលថ្ងៃត្រង់។

យោងតាមសមាគមអ្នកបើកបរ ADAC ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាសមាគមធំបំផុតនៅអឺរ៉ុប បានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសអាល្លឺម៉ង់ បានហក់ឡើងខ្លាំងភ្លាមៗនៅពេលដែលច្បាប់ថ្មីចូលជាធរមាន។ នៅក្នុងទីក្រុងព្រំដែន Slubice របស់ប្រទេសប៉ូឡូញ អ្នកបើកបរអាល្លឺម៉ង់ម្នាក់បាននិយាយថា បានកត់សម្គាល់ឃើញមានភាពខុសគ្នានៃតម្លៃរហូតដល់៨០សេនរវាងប្រេងឥន្ធនៈនៅប្រទេសអាល្លឺម៉ង់ និងនៅប្រទេសប៉ូឡូញ។

អ្នកបើកបរម្នាក់ទៀតនិយាយថា ការបូមប្រេងឥន្ធនៈនៅក្នុងប្រទេសអាល្លឺម៉ង់បច្ចុប្បន្ននេះមានធនធានតិចតួច ដែលធ្វើឱ្យប្រទេសប៉ូឡូញក្លាយជាជម្រើសដ៏ទាក់ទាញជាងមុនក្នុងការចាក់បំពេញប្រេងរថយន្ត។ ប្រទេសទាំងពីរកំពុង ទប់ទល់ការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃប្រេងនិងឧស្ម័ន ដែលបណ្តាលមកពីសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
សភាជាន់ទាបរបស់ប្រទេសអាល្លឺម៉ង់ បានអនុម័តវិធានការដំបូងដើម្បីទប់ស្កាត់ការកើនឡើងតម្លៃប្រេងឥន្ធនៈ ប៉ុន្តែទោះជាយ៉ាងណា នៅតែព្យាយាមរក្សាអន្តរាគមន៍របស់រដ្ឋាភិបាលឱ្យនៅកម្រិតទាប។ រដ្ឋាភិបាលប៉ូឡូញ បានសម្រេចកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) និងពន្ធលើប្រេងឥន្ធនៈ ជាការសម្រេចចិត្ត ត្រូវបានរិះគន់ដោយក្រុមប្រឹក្សាហិរញ្ញវត្ថុរបស់ប្រទេសប៉ូឡូញ។