យោងតាមគេហទំព័ររបស់ក្រសួងរតនាគារអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃពុធ (១ មេសា) សហរដ្ឋអាមេរិក បានសម្រេចដកទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីបណ្តោះអាសន្នវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដែលការសម្រេចនេះធ្វើឡើងមិនដល់បីខែផង បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនអតីតមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងប្រតិបត្តិការឆ្មក់ចូលទីក្រុងការ៉ាកាស កាលពីដើមខែមករាកន្លងទៅ។

រដ្ឋបាលលោកប្រធានាធីបតី Donald Trump មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយលោកស្រី Rodriguez ដែលជាអតីតអនុប្រធានាធិបតី និងជាសម្ព័ន្ធមិត្តរបស់លោក Maduro។ ក្នុងនោះដែរ អាមេរិកបានបញ្ជូនរដ្ឋមន្ត្រីក្រសួងថាមពល និងក្រសួងមហាផ្ទៃ ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងការ៉ាកាស រួមជាមួយវិនិយោគិនជាច្រើនរូប ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យអាមេរិក លក់ប្រេងរបស់វ៉េណេស៊ុយអេឡា និងបានសរសើរចំពោះការផ្លាស់ប្តូរក្នុងវិស័យប្រេង និងរ៉ែ និងការចេញលិខិតអនុញ្ញាតលើកលែងទណ្ឌកម្មផងដែរ។
កាលពីខែមីនា ទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់លោកស្រី Rodriguez ជាផ្លូវការថាជាមេដឹកនាំរបស់វ៉េណេស៊ុយអេឡា ដែលនេះបានបើកផ្លូវឱ្យរដ្ឋាភិបាលរបស់លោកស្រីអាចបើកស្ថានទូត និងស្ថានកុងស៊ុលនានាឡើងវិញនៅសហរដ្ឋអាមេរិក និងទទួលបានការគ្រប់គ្រងលើក្រុមហ៊ុនទាំងឡាយរបស់វ៉េណេស៊ុយអេឡា នៅបរទេសឡើងវិញ។
លោកស្រី Rodriguez បានសាទរចំពោះការសម្រេចចិត្តដកទណ្ឌកម្ម ដោយបានបង្ហោះសារលើបណ្តាញសង្គម X ថា៖ ចំណាត់ការនេះគឺជា «ជំហានមួយឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ និងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ»៕

