ក្រុមហ៊ូទីរបស់ប្រទេសយេម៉ែនកាលពីថ្ងៃពុធ១មេសាសប្ដាហ៍នេះ បានអះអាងការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ៊ីស្រាអែល ដែលពួកគេនិយាយថាត្រូវបានបាញ់រួមគ្នាជាមួយអ្នកគាំទ្ររបស់ពួកគេគឺអ៊ីរ៉ង់ និងក្រុមហេសបូឡារបស់លីបង់ ដែលជាការវាយប្រហារបែបនេះលើកទីបី ដោយក្រុមឧទ្ទាមមួយនេះ ចាប់តាំងពីពួកគេបានលូកដៃចូលរួមកាន់តែជ្រៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។

កាលពីថ្ងៃពុធដដែល យោធាអ៊ីស្រាអែលបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានឆ្លើយតបទៅនឹងមីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយក្រោយមកបានប្រកាសថា ប្រជាជនត្រូវបាន អនុញ្ញាតឱ្យចាកចេញពីកន្លែងការពារសុវត្ថិភាពនៅគ្រប់តំបន់នៃប្រទេសនេះ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា មីស៊ីលនេះត្រូវបានស្ទាក់ចាប់ ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយឡើយ។
អ្នកនាំពាក្យយោធាក្រុម ហ៊ូទី លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថា ក្រុមហ៊ូទី បានធ្វើប្រតិបត្តិការយោធាលើកទីបី ផ្តោតលើគោលដៅសត្រូវអ៊ីស្រាអែល ជាមួយនឹងការបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់។
លោកបានបន្ថែមថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរួមគ្នាជាមួយបងប្អូនយុទ្ធជនរបស់ពួកគេនៅអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់។
ក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែនបានអះអាងការវាយប្រហារដោយមីស៊ីល និងយានដ្រូន លើអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន ជាលើកដំបូងរបស់ពួកគេនៅក្នុងសង្គ្រាមបច្ចុប្បន្ន។យោធាអ៊ីស្រាអែលក៏បាននិយាយកាលពីថ្ងៃចន្ទផងដែរថា យានដ្រូនពីរគ្រឿងបាញ់ចេញពីប្រទេសយេម៉ែនត្រូវបានស្ទាក់ចាប់៕


