នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា បុគ្គលិករដ្ឋាភិបាលនឹងចាប់ផ្តើមធ្វើការពីផ្ទះនៅពាក់កណ្ដាលខែមេសានេះ ខណៈម៉ាឡេស៊ី កំពុងព្យាយាមកាត់បន្ថយថ្លៃចំណាយផ្នែកថាមពល ស្របពេលការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដោយសារជម្លោះនៅមជ្ឈិមបូព៌ា។

គោលនយោបាយនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែមេសា ហើយនឹងត្រូវអនុវត្តដោយបុគ្គលិកនៅតាមក្រសួង ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋ។ លោក អាន់វ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា «គោលបំណងគឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធានាឱ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល»។
លោក អាន់វ៉ា បានបន្តថា ព័ត៌មានលម្អិតបន្ថែមលើគោលនយោបាយនេះនឹងត្រូវប្រកាសនៅពេលក្រោយ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនប្រេងរដ្ឋ Petronas និងក្រុមហ៊ុនដទៃទៀត កំពុងដំណើរការដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងថាមពល។ គួរឱ្យដឹងថា ម៉ាឡេស៊ីកំពុងចំណាយជិត ១ពាន់លានដុល្លារ ក្នុងមួយខែ លើវិធានការឧបត្ថម្ភធន ដើម្បីរក្សាតម្លៃប្រេងលក់រាយឱ្យនៅទាប។
ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃពុធ បានប្រកាសពីការកើនឡើងប្រចាំសប្តាហ៍ទី៤ជាប់ៗគ្នា នៃតម្លៃប្រេងម៉ាស៊ូតដែលមិនមានការឧបត្ថម្ភធន ខណៈតម្លៃប្រេងឥន្ធនៈដឹកជញ្ជូនផ្សេងទៀតដូចជាសាំងប្រភេទ RON97 បានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ៕

