លោក Aung Lin Dwe ប្រធានសភាមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២ មេសា) ថា សភាទាំងពីររបស់មីយ៉ាន់ម៉ា នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃសុក្រ ទី៣ ខែមេសា ស្អែកនេះ ដោយអតីតប្រមុខយោធា និងជាមេដឹកនាំរបបសឹក លោក Min Aung Hlaing ឈរឈ្មោះជាបេក្ខភាព។

ឧត្តមសេនីយ៍វ័យ ៦៩ឆ្នាំរូបនេះ — ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដែលជាម្ចាស់រង្វាន់ណូបែល និងបានបង្កឱ្យមានសង្គ្រាមស៊ីវិល — បានចុះចេញពីតំណែងជាមេបញ្ជាការយោធាកំពូលរបស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីកាន់តំណែងនេះអស់រយៈពេល ១៥ឆ្នាំ។

នៅថ្ងៃដដែលនោះ សមាជិកសភាជាន់ទាបមីយ៉ាន់ម៉ាមួយរូបបានតែងតាំងលោក ជាបេក្ខជនអនុប្រធានាធិបតី រួមជាមួយបេក្ខជនពីររូបផ្សេងទៀត ដែលតែងតាំងដោយសភាជាន់ខ្ពស់ និងក្រុមតំណាងយោធាមួយក្រុមនៅក្នុងសភា។ កិច្ចប្រជុំរួមគ្នារបស់សភាទាំងពីរ រួមទាំងសមាជិកសភាដែលតែងតាំងដោយយោធា នឹងត្រូវធ្វើឡើងនៅម៉ោងក្នុងស្រុក ១០:០០នាទីព្រឹក នៅថ្ងៃសុក្រ ដើម្បីជ្រើសរើសប្រធានាធិបតីមួយរូប ចេញពីក្នុងចំណោមបេក្ខជនអនុប្រធានាធិបតីទាំងបីរូបដែលបានតែងតាំងនោះ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសមួយក្នុងខែធ្នូ និងខែមករាកន្លងទៅ ដែលមើលឃើញគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ដែលគាំទ្រដោយយោធា ទទួលបានជ័យជម្នះ ប៉ុន្តែការបោះឆ្នោតនោះត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិចជាច្រើន ហៅថាជារឿងក្លែងក្លាយ៕
