ក្រុមមន្ត្រី និងអង្គការសប្បុរសធម៌ជួយសង្គ្រោះជនអន្តោប្រវេសន៍ បាននិយាយកាលពីថ្ងៃពុធ (១ មេសា) ថា ឆ្មាំល្បាតឆ្នេរអ៊ីតាលី បានរកឃើញសាកសពជនអន្តោប្រវេសន៍ចំនួន ១៩នាក់ និងបានជួយសង្គ្រោះអ្នករស់រានមានជីវិតចំនួន ៥៨នាក់ ពីទូកដែលបានលិចក្នុងសមុទ្រមេឌីទែរ៉ាណេ ខណៈពេលអ្នកទាំងនោះកំពុងព្យាយាមឆ្លងកាត់ពីប្រទេសលីប៊ី ឆ្ពោះទៅកាន់អឺរ៉ុប។

អ្នកនាំពាក្យរបស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងក្រុមមនុស្សធម៌ MSF បាននិយាយថា ជនរងគ្រោះមួយចំនួន - រួមមានបុរស ១៨ នាក់ និងស្ត្រីម្នាក់ - ហាក់ដូចជាបានស្លាប់ដោយសារត្រជាក់ខ្លាំងពេក ខណៈអ្នករួចជីវិត រួមទាំងកុមារ ៥នាក់ ត្រូវបាននាំទៅកាន់កោះ Lampedusa របស់អ៊ីតាលី។ មន្ត្រីជួយសង្គ្រោះនិយាយថា មនុស្ស ៣នាក់ទៀតដែលនៅលើទូកនោះ បានបាត់ខ្លួន។

ក្រុមជួយសង្គ្រោះជនអន្តោប្រវេសន៍អាល្លឺម៉ង់ Sea-Watch បាននិយាយថា ការស្លាប់ចំនួន ១៩នាក់នេះ គឺជាផ្នែកមួយនៃកំណើនការស្លាប់យ៉ាងគំហុកនៅលើសមុទ្រថ្មីៗនេះ ដោយប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្ស ១០៤នាក់ បានស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក្នុងពេលបីថ្ងៃកន្លងទៅនោះ រួមទាំងមនុស្ស ១៨នាក់ដែលបានលង់ទឹកស្លាប់ នៅពេលទូកដ៏តូចរបស់ពួកគេបានលិចនៅភាគខាងលិចប្រទេសទួរគី កាលពីព្រឹកថ្ងៃពុធកន្លងទៅ។
អ្នកនាំពាក្យ IOM បានប៉ាន់ប្រមាណថា សោកនាដកម្មចុងក្រោយបំផុតនៅជិត Lampedusa បាននាំឱ្យចំនួនអ្នកស្លាប់ដែលគេដឹង នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេនៅឆ្នាំ២០២៦នេះ ឡើងដល់ចំនួន ៦៤៣នាក់ ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមួយចាប់តាំងពីឆ្នាំ២០១៤មក៕