កាសែត Financial Times បានដកស្រង់សម្តីរបស់ប្រភពដែលបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានគំរាមសម្ព័ន្ធមិត្តណាតូរបស់លោកឲ្យឈប់ផ្គត់ផ្គង់អាវុធទៅអ៊ុយក្រែន ដោយប្រើប្រាស់មូលនិធិដែលប្រមូលបានតាមរយៈមូលនិធិនៃបញ្ជីតម្រូវការអាទិភាពរបស់អ៊ុយក្រែន (PURL) ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់សម្ព័ន្ធមិត្ត ក្នុងការជួយសហរដ្ឋអាមេរិក ក្នុងការបើកច្រកសមុទ្រហ័រមូស។

យោងតាមព័ត៌មានរបស់ពួកគេ ប្រទេសជាច្រើនបានយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់អគ្គលេខាធិការណាតូ លោក Mark Rutte និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី ១៩ ខែមីនា ដោយបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវនាវាចរណ៍ ដោយសុវត្ថិភាពរបស់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ដើម្បីឆ្លើយតបទៅនឹងជំហរដ៏តឹងរ៉ឹងរបស់លោក ត្រាំ។

ពួកគេរួមមានចក្រភពអង់គ្លេស អ៊ីតាលី ហូឡង់ បារាំង អាល្លឺម៉ង់ និងជប៉ុន។ ក្រោយមក ចំនួនប្រទេស បានឈានដល់ ៣៥។
ប្រភពមួយបាននិយាយថា៖ «មានតែលោក Rutte ដែលបានទទូចឲ្យធ្វើសេចក្តីថ្លែងការណ៍រួម ពីព្រោះលោក ត្រាំ បានគំរាមដកខ្លួនចេញពី PURL និងពីអ៊ុយក្រែនជាទូទៅ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានដាក់បញ្ចូលគ្នាយ៉ាងឆាប់រហ័ស ហើយប្រទេសដទៃទៀត បានចូលរួមនៅពេលក្រោយមក ដោយសារពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីអញ្ជើញមនុស្សគ្រប់គ្នាឲ្យចុះឈ្មោះភ្លាមៗនោះទេ។
ប្រភពចំនួនពីរ បានបញ្ជាក់ថា លោក Rutte បានធ្វើការសន្ទនាតាមទូរស័ព្ទជាច្រើនដងជាមួយលោក ត្រាំ និងលោក Marco Rubio រដ្ឋមន្ត្រីការបរទេស ក្នុងរយៈពេលពីរថ្ងៃ មុនពេលចេញផ្សាយសេចក្តីថ្លែងការណ៍នេះ៕