ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក បានត្រៀមរួចជាស្រេច ដើម្បីបំផ្លាញរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធមិនធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់។ មេដឹកនាំអាមេរិក បានថ្លែងក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖«ក្រុមមេដឹកនាំអ៊ីរ៉ង់ថ្មី មិនសូវមានភាពជ្រុលនិយម និងមានហេតុផលជាងអ្នកមុនៗ។ យ៉ាងណាក៏ដោយ ប្រសិនបើក្នុងអំឡុងពេលនេះ មិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបានធ្វើឡើងទេ យើងមានគោលដៅ សំខាន់ៗ។ ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ យើងនឹងវាយប្រហាររោងចក្រផលិតអគ្គិសនីរបស់ពួកគេយ៉ាងខ្លាំងក្លា និងប្រហែលជាក្នុងពេលដំណាលគ្នាក៏ថាបាន»។

លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ យើងមិនបានវាយប្រហារប្រេងរបស់ពួកគេទេ ទោះបីជានោះជាគោលដៅងាយស្រួលបំផុតក៏ដោយ ព្រោះវានឹងមិនផ្តល់ឲ្យពួកគេនូវឱកាសតិចតួចនៃការរស់រានមានជីវិត ឬការកសាងឡើងវិញក៏ដោយ ប៉ុន្តែយើងអាចវាយប្រហារគោលដៅនោះបាន ហើយវានឹងលែមានតទៅទៀត ហើយគ្មានអ្វីដែលពួកគេអាចធ្វើបាននោះទេ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយវាយប្រហារទីក្រុងធំៗ រួមទាំងទីក្រុងតេអេរ៉ង់ផងដែរ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម អ៊ីរ៉ង់ បានសងសឹកដោយការវាយប្រហារយ៉ាងទូលំទូលាយទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ហ្ស៊កដានី កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត៕