ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅក្នុងលិខិតចំហមួយផ្ញើទៅកាន់ប្រជាជនអាមេរិកថា សកម្មភាពបច្ចុប្បន្នរបស់អ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រ គឺជាការឆ្លើយតបទៅនឹងការឈ្លានពាន ដែលមានមូលដ្ឋានលើសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការការពារខ្លួន មិនមែនជាការចាប់ផ្តើមនៃសង្គ្រាមនោះទេ។

លោកប្រធានាធិបតី បានចង្អុលបង្ហាញថា៖«អ្វីដែលអ៊ីរ៉ង់បានធ្វើ ហើយបន្តធ្វើ គឺជាការឆ្លើយតបដែលមានការវាស់វែង ផ្អែកលើការការពារខ្លួនស្របច្បាប់ ហើយមិនមែនជាការចាប់ផ្តើមសង្គ្រាម ឬការឈ្លានពានទេ»។
លោកបានបន្ថែមថា យ៉ាងហោចណាស់ចាប់តាំងពីការបង្កើតសហរដ្ឋអាមេរិកមក អ៊ីរ៉ង់ គឺជា«ប្រទេសមួយពុំដែលផ្តួចផ្តើមសង្គ្រាមឡើយ»។

យោងតាមលោកប្រធានាធិបតី ការពណ៌នាអំពីអ៊ីរ៉ង់ថា ជាការគំរាមកំហែង គឺមិនស្របនឹងការពិតជាប្រវត្តិសាស្ត្រ ឬជាមួយនឹងការពិតដែលអាចសង្កេតឃើញ នាពេលបច្ចុប្បន្ននេះទេ»៕