ភ្នំពេញ៖ ក្រសួងបរិស្ថានប្រកាសថា កាលពីឆ្នាំ២០២១ កន្លងទៅនេះ អន្ទាក់ចំនួន ៦១.៦១១ អន្ទាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិដោះចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៦ នៅកម្ពុជាដែលស្ថិតក្រោមការ គ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន ប្រកាសថា អន្ទាក់ជាឃាតកលាក់មុខសម្លាប់ព្រៃជារៀងរាល់ថ្ងៃ។ ប្រសិនបើ អន្ទាក់ទាំងនេះ មិនត្រូវបានដោះ និងបំផ្លាញចោលទេ ជីវិតសត្វព្រៃជាច្រើន នឹងត្រូវបានសម្លាប់ដោយអន្ទាក់ព្រានព្រៃ។
លោកអ្នកអាចបញ្ឈប់ការដាក់អន្ទាក់បាន ដោយនិយាយថាទេ ចំពោះសាច់សត្វព្រៃ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសាច់សត្វព្រៃ។ សត្វព្រៃទាំងនេះ មានតម្លៃតិចតួចជាសាច់ តែវាពិតជាមានតម្លៃធំធេងសម្រាប់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងមានតម្លៃសម្រាប់ការអភិរក្ស ព្រោះប្រភេទសត្វមួយចំនួនដែលជាប់អន្ទាក់ព្រាន ជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក៕


