លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិក និងប្រទេសវ៉េណេស៊ុយអេឡា កំពុងសហការគ្នាប្រកបដោយប្រសិទ្ធភាព ក្នុងការផលិត និងលក់ប្រេង និងឧស្ម័ន។

មេដឹកនាំអាមេរិករូបនេះ បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា៖«ឥឡូវនេះ យើងកំពុងធ្វើការជាមួយប្រទេសវ៉េណេស៊ុយអេឡា ហើយក្នុងន័យពិត គឺជាដៃគូបណ្តាក់ទុនរួមគ្នា។ យើងកំពុងចុះសម្រុងគ្នាយ៉ាងល្អក្នុងការផលិត និងលក់ប្រេង និងឧស្ម័នយ៉ាងច្រើន»។ ដោយនិយាយអំពីប្រទេសវ៉េណេស៊ុយអេឡា លោក ត្រាំ ក៏បានអះអាងផងដែរថា យោធាអាមេរិក «បានវាយយកប្រទេសនេះ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ»។

នៅថ្ងៃទី ០៣ ខែមករា សហរដ្ឋអាមេរិកបានវាយប្រហារគោលដៅស៊ីវិល និងយោធា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Yvan Gil Pinto បាននិយាយថា សហរដ្ឋអាមេរិក បានវាយប្រហារគោលដៅស៊ីវិល និងយោធា នៅក្នុងទីក្រុងការ៉ាកាស។ លោកបានហៅសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការឈ្លានពានដោយយោធា។ ក្រោយមក សហរដ្ឋអាមេរិកបានបញ្ជាក់ពីការវាយប្រហារនេះ ហើយបានប្រកាសពីការចាប់ខ្លួន និងនាំយកប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)និងភរិយារបស់លោកចេញពីប្រទេសនេះ៕