ក្រុមជើងឯកពិភពលោក ៤ សម័យអ៊ីតាលី ជាថ្មីម្តងទៀតបានខកខានកៅអីបាល់ទាត់ពិភពលោក ៣ ព្រឹត្តិការណ៍ជាប់គ្នា បន្ទាប់ពីបរាជ័យទល់នឹងបូស្នៀដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីនៃវគ្គ Play-Off ផ្តាច់ព្រ័ត្រ។
មិនដែលមានអតីតជើងឯកណាមួយធ្លាប់ខកខានកៅអី World Cup ៣ ព្រឹត្តិការណ៍ជាប់គ្នាបែបនេះឡើយ បន្ទាប់ពីពួកគេខកខានឆ្នាំ ២០១៨ នៅរុស្ស៊ី និង ២០២២ នៅកាតា។

អ្នកគាំទ្របាល់ទាត់អ៊ីតាលីបានបង្ហាញអារម្មណ៍ឈឺចាប់ តែទទួលយកការពិត៖

អ្នកគាំទ្រ៖ រឿងនេះតែងតែកើតឡើងមិនថាបាល់ទាត់រឿងអ្វីផ្សេងទេ នៅពេលដែលអ្នកធ្វើអ្នកនឹងជួបបរាជ័យជៀសមិនផុត។ មុនខុសគ្នាទេ បាល់ទាត់ពេលខ្លះយើងឈ្នះពេលខ្លះយើងចាញ់។ ខ្ញុំនៅតែគិតថា Gennaro Gattuso ធ្វើបានល្អហើយ។

អ្នកគាំទ្រស្រី៖ ខ្ញុំពិតជាសោកស្តាយ ទោះខ្ញុំមិនមែនជាអ្នកគាំទ្របាល់ទាត់ក៏ដោយ។ ខ្ញុំគិតថាអ៊ីតាលីធ្វើបានល្អហើយ គ្រាន់តែមិនមានសំណាង។ ខ្ញុំនឹងព្យាយាមទទួលយកការពិត និងសង្ឃឹមថាពួកគេធ្វើបានល្អនៅពេលក្រោយ។

អ្នកគាំទ្រ៖ នេះជាបរាជ័យដ៏ធំមួយរបស់ពួកយើង ហើយមិនមែនជារឿងថ្មីដែរ ពួកយើងស្គាល់អារម្មណ៍ពីរលើកជាប់គ្នា ហើយឥឡូវបីលើកជាប់គ្នា។ World Cup ឆ្នាំនេះមានដល់ទៅ ៤៨ ក្រុម ហើយយើងមិនទទួលបានកៅអី នេះជារឿងឈឺចាប់បំផុតមួយ។
រំលឹកថា តាំងពីឈ្នះជើងឯកពិភពលោកលើកទី ៤ នៅឆ្នាំ ២០០៦ អ៊ីតាលីឆ្លងមិនផុតវគ្គចែកពូលឡើយនៅពីរព្រឹត្តិការណ៍បន្ទាប់ឆ្នាំ ២០១០ នៅអាហ្វ្រិកខាងត្បូង និង ២០១៤ នៅប្រេស៊ីល៕ អត្ថបទ៖នាង សុភាវុធ

