ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានព្រមានអាមេនី ដែលមានបំណងចង់ចូលរួមជាមួយសហភាពអឺរ៉ុបថា ខ្លួននឹងមិនអាចក្លាយជាផ្នែកមួយនៃសហភាពអឺរ៉ុប និងសម្ព័ន្ធភាពសេដ្ឋកិច្ចដឹកនាំដោយទីក្រុងមូស្គូបានទេ។

ប្រទេសអាមេនី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដើម្បីបញ្ចប់អរិភាពរាប់ទសវត្សរ៍ជាមួយអាស៊ែរបៃហ្សង់ បានខិតខំបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានប្រកាសពីចេតនាចង់ចូលរួមជាមួយសហភាពអឺរ៉ុប ហើយរដ្ឋាភិបាលរបស់លោក បានផ្អាកការចូលរួមរបស់ប្រទេសនេះ នៅក្នុងកតិកាសញ្ញាសន្តិសុខដែលគ្រប់គ្រងដោយទីក្រុងមូស្គូ គឺអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព។

ថ្លែងនៅពេលចាប់ផ្តើមពិភាក្សាជាមួយលោក Pashinyan នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា រុស្ស៊ី «ស្ងប់ស្ងាត់ទាំងស្រុង» អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាមេនី ក្នុងការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ប៉ុន្តែលោកបានកត់សម្គាល់ថា សម្រាប់អាមេនី «ខ្លួនមិនអាចចូលទៅក្នុងសហភាពគយជាមួយសហភាពអឺរ៉ុប និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីបានទេ»។
សហភាពសេដ្ឋកិច្ចអឺរ៉ុបរ៉ាស៊ីដឹកនាំដោយរុស្ស៊ី ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ និងរួមបញ្ចូលទាំងប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន គឺជាទីផ្សារតែមួយដែលអនុញ្ញាតឲ្យមានចលនាទំនិញ ការវិនិយោគ និងកម្លាំងពលកម្មដោយសេរី។
សេចក្តីថ្លែងការណ៍របស់លោក ពូទីន ហាក់ដូចជាផ្ញើសញ្ញាព្រមានមួយ ខណៈដែលទស្សនវិស័យសម្រាប់សមាជិកភាពសហភាពអឺរ៉ុបរបស់ប្រទេសអាមេនីមើលទៅហាក់ដូចជានៅឆ្ងាយ ហើយមិនទាន់មានការពិភាក្សាអំពីកិច្ចព្រមព្រៀងគ្មានពន្ធគយរវាងប្រទេសនេះ និងសហភាពអឺរ៉ុប នៅឡើយទេ៕