ក្តីសង្ឃឹមដែលថា សង្គ្រាមមជ្ឈិមបូព៌ាអាចបញ្ចប់យ៉ាងឆាប់រហ័សនោះ បានរសាត់បាត់ហើយ នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀតលើអ៊ីរ៉ង់ នៅក្នុងសុន្ទរកថាដែលគ្រប់គ្នាទន្ទឹងរង់ចាំស្ដាប់យ៉ាងអន្ទះសារ ជាពាក្យពេចន៍ដែលធ្វើឲ្យវិនិយោគិនខកចិត្ត ដោយសារសង្ឃឹមថា នឹងមានសញ្ញាច្បាស់លាស់ សម្រាប់ផ្លូវចេញ។

ភាគហ៊ុនបានធ្លាក់ចុះ ហើយតម្លៃប្រេងបានហក់ឡើង បន្ទាប់ពីលោក Trump បានបញ្ជាក់ថា ប្រតិបត្តិការយោធានឹងត្រូវបានបង្កើនយ៉ាងខ្លាំង ក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ខាងមុខ ដោយមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយ សម្រាប់ការបញ្ចប់ជម្លោះដែលបានបង្កឲ្យមានភាពវឹកវរដល់ការផ្គត់ផ្គង់ថាមពលសកល និងបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានហានិភ័យធ្លាក់ចូលទៅក្នុងស្ថានភាពច្របូកច្របល់។
ជាមួយគ្នានេះ លោក Trump ក៏បានលើកឡើងផងដែរថា សង្គ្រាមអាចកាន់តែខ្លាំងឡើងៗទៀត ប្រសិនបើមេដឹកនាំអ៊ីរ៉ង់មិនព្រមតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលចរចា ដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រេងរបស់អ៊ីរ៉ង់ អាចកើតមាន។
លោក Russel Chesler ប្រធានផ្នែកវិនិយោគ និងទីផ្សារមូលធន នៅក្រុមហ៊ុន Vaneck Australia បាននិយាយថា៖ «ប្រសិនបើគាត់ (លោក Trump) កំពុងតែព្យាយាមជំរុញទំនុកចិត្តទីផ្សារនោះ គាត់មិនបានធ្វើដូច្នោះឡើយ។ សំណួរដ៏សំខាន់បំផុតរបស់វិនិយោគិនទាំងអស់ គឺថា តើវិបត្តិនេះនឹងចប់នៅពេលណា? នោះហើយជាអ្វីដែលកំពុងបង្កើតឲ្យមានភាពប្រែប្រួលឡើងចុះ»។
គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធា លើអ៊ីរ៉ង់ ដែលនាំឲ្យទីក្រុងតេអេរ៉ង់វាយប្រហារតបវិញទៅលើអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិក និងរដ្ឋឈូងសមុទ្រ។ ហើយអ៊ីរ៉ង់ក៏បានបិទច្រកសមុទ្រ Hormuz ផងដែរ ជាផ្លូវទឹកដ៏សំខាន់មួយដែលដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ១ភាគ៥ របស់ពិភពលោក ដែលជំរុញឲ្យតម្លៃថាមពលឡើងកាន់តែខ្ពស់៕


