ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ កាលពីថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) បានប្រមូលផ្តុំគ្នានៅទីក្រុងតេអេរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពរបស់មេបញ្ជាការកងទ័ពជើងទឹកកងឆ្មាំបដិវត្តន៍ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយអ្នកកាន់ទុក្ខទាំងនោះ បានប្ដេជ្ញាថា នឹងតស៊ូរហូតដល់ទីបញ្ចប់ ទោះបីជាមានការសម្លុតកំហែងពីទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
ក្បួនដង្ហែនេះបានធ្វើឡើងនៅថ្ងៃខួបលើកទី៤៧ នៃសាធារណរដ្ឋឥស្លាម ដែលបានប្រកាសនៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៩ បន្ទាប់ពីបដិវត្តន៍ដែលបានផ្តួលរំលំព្រះមហាក្សត្រចុងក្រោយ និងបានបញ្ចប់របបរាជានិយមជាង ២.៥០០ឆ្នាំ។ ប៉ុន្តែនៅឆ្នាំ២០២៦ នេះ ថ្ងៃឈប់សម្រាកសាធារណៈនេះ មានសារៈសំខាន់ជាពិសេស ខណៈដែលទីក្រុងតេអេរ៉ង់ ប្រឹងប្រយុទ្ធដើម្បីរស់រានមានជីវិត ក្រោមការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។

អ្នកចូលរួមម្នាក់ឈ្មោះ Moussa Nowruzi ដែលជាអ្នកចូលនិវត្តន៍វ័យ ៥៧ឆ្នាំ បាននិយាយថា៖ «សង្គ្រាមនេះ មានរយៈពេល ១ខែហើយ។ ទោះបីជាវាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ ក៏យើងនឹងបន្ត។ យើងនឹងតស៊ូរហូតដល់ទីបញ្ចប់»។ នៅទីនោះ ហ្វូងមនុស្សបានស្រែកឡើងវិញនូវពាក្យស្លោក ដូចជា «Allah Akbar, Khamenei Rahbar» (អល់ឡោះ អាកបារ ខាមេនី រ៉ាបារ» (ព្រះជាម្ចាស់គឺអស្ចារ្យបំផុត Khamenei គឺជាមេដឹកនាំកំពូល)។ ដូចជនជាតិអ៊ីរ៉ង់ជាច្រើនដែរ ពួកគេបានមកគោរពដល់សាច់ញាតិដែលត្រូវបានសម្លាប់នៅក្នុងជម្លោះ ដោយផ្ទៃមុខរបស់អ្នកទាំងនោះ ត្រូវបានបង្ហាញនៅលើផ្ទាំងបដា។
មឈូសរបស់មេបញ្ជាការ លោក Alireza Tangsiri (អាលីរ៉េហ្សា តាំងស៊ីរី) បានរំកិលយឺតៗឆ្លងកាត់ហ្វូងមនុស្ស។ លោក Tangsiri គឺជាឥស្សរជនជាន់ខ្ពស់ម្នាក់ដែលបម្រើការយូរបំផុត នៅក្នុងកងឆ្មាំបដិវត្តន៍ និងជាមុខមាត់លេចធ្លោបំផុតមួយ ដែលត្រូវបានចាត់ទុកថា ជាស្ថាបត្យករនៃការបិទច្រកសមុទ្រហ័រមូសប្រកបដោយប្រសិទ្ធភាព។
មុនពេលថ្លែងសុន្ទរកថាជាតិ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រធានាធិបតីអ៊ីរ៉ង់ បានស្នើឲ្យមានបទឈប់បាញ់ ជាការអះអាងដែលទីក្រុងតេអេរ៉ង់បានបដិសេធ ដោយបានបន្ថែមថា លោកនឹងពិចារណាសំណើរនេះ លុះត្រាតែនៅពេលច្រកសមុទ្រហ័រមូស «បើកចំហ សេរី និងច្បាស់លាស់»។ រហូតមកដល់ពេលនោះ មេដឹកនាំអាមេរិក បានបញ្ជាក់ថា ការទម្លាក់គ្រាប់បែកនឹងបន្តមាន ជាការគំរាមកំហែងដែលត្រូវបានអ្នកកាន់ទុក្ខមិនអើពើឡើយ កាលពីថ្ងៃទី១ ខែមេសា៕

