ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃពុធ (ទី១ ខែមេសា ឆ្នាំ២០២៦) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសលីបង់ (UNIFIL) នៅចុងខែមីនា ដែលនាំឲ្យមានការស្លាប់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីចំនួន ៣នាក់។
ក្រុមប្រឹក្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានសម្តែងការចូលរួមរំលែកទុក្ខ និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាចំពោះប្រទេសឥណ្ឌូនេស៊ីផងដែរ»។

សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សានេះ បានចង្អុលបង្ហាញថា មនុស្ស ៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ និងបានសង្កត់ធ្ងន់លើឧប្បត្តិហេតុជាបន្តបន្ទាប់ដែលប៉ះពាល់ដល់ទីតាំងរបស់ UNIFIL ដោយកងកម្លាំងរក្សាសន្តិភាព បានរងរបួស «ស្របពេលដែលអរិភាពកំពុងបន្តមានតាមបណ្តោយបន្ទាត់ព្រំដែនពណ៌ខៀវ (Blue Line)»។
ក្រុមប្រឹក្សាបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួន ចំពោះ UNIFIL និងបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក សម្ភារៈ និងសេរីភាពនៃការធ្វើដំណើរ ស្របតាមច្បាប់អន្តរជាតិ រួមទាំងការចៀសវាងសកម្មភាពដែលអាចធ្វើឲ្យកងកម្លាំងរក្សាសន្តិភាពស្ថិតក្នុងគ្រោះថ្នាក់៕


